ប្រទេសអូស្ត្រាលី និងទួរគី ទាំងពីរនេះកំពុងបញ្ចុះបញ្ចូលឱ្យធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាកាសធាតុ COP31 ជាការចរចាបម្រែបម្រួលអាកាសធាតុអង្គការសហប្រជាជាតិប្រចាំឆ្នាំ របស់ពិភពលោក ដែលកំណត់ពេលធ្វើនៅឆ្នាំ២០២៦ ដោយបង្កើតការជជែកគ្នាអំពីថាតើនរណាដែលសក្តិសមជាង ក្នុងការដឹកនាំកិច្ចប្រជុំកំពូលនេះ។

កិច្ចពិភាក្សាស្តីពីអាកាសធាតុ COP ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ មានសារៈសំខាន់របស់ពិភពលោក សម្រាប់ផ្នែកការទូតស្តីពីបម្រែបម្រួលអាកាសធាតុ ដែលប្រទេសជិត២០០ ចរចាកិច្ចព្រមព្រៀងជាសកល ដើម្បីពង្រីកថាមពលស្អាត ការផ្តល់មូលនិធិ និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀតដើម្បីទប់ស្កាត់ការកើនឡើងសីតុណ្ហភាពដ៏គ្រោះថ្នាក់។

គ្រប់ប្រទេសទាំងអស់ ចាប់ពីសហរដ្ឋអាមេរិក រហូតដល់រដ្ឋដីកោះតូចៗ នៅក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ទទួលបានមតិយោបល់នៅក្នុងលទ្ធផលនៃកិច្ចប្រជុំកំពូល។ វាត្រូវផ្លាស់ប្តូរវេនរវាងក្រុមប្រទេសក្នុងតំបន់ ហើយគ្រប់ប្រទេសទាំងអស់មានឱកាសធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍នេះ។
វាបានធ្វើឲ្យមានការរិះគន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈប្រទេសផលិតឥន្ធនៈហ្វូស៊ីល រួមមានប្រទេសអារ៉ាប់រួម និងអាស៊ែបៃហ្សង់ បានធ្វើជាម្ចាស់ផ្ទះ ដោយបង្កើតជាសំណួរជុំវិញថាតើប្រទេសដែលបានវិនិយោគយ៉ាងជ្រៅក្នុងឧស្សាហកម្មដែលមានការបំពុល អាចជាអ្នកសម្របសម្រួលនៃកិច្ចពិភាក្សាអាកាសធាតុដោយស្មោះត្រង់ឬយ៉ាងណា។
ប្រទេសអូស្ត្រាលី ជាប្រទេសផលិតធ្យូងថ្មដ៏ធំ និងស្ថិតក្នុងចំណោមប្រទេសនាំចេញឥន្ធនៈហ្វូស៊ីលច្រើនបំផុតរបស់ពិភពលោក។ ប្រទេសទួរគី ដែលមានឧស្សាហកម្មប្រេង និងឧស្ម័ន ទទួលបានថាមពលប្រហែល៨០% ពីឥន្ធនៈហ្វូស៊ីល ហើយជាប្រទេសផលិតអគ្គិសនីប្រើធ្យូងថ្មធំបំផុតទីពីររបស់អឺរ៉ុប ក្នុងឆ្នាំ២០២៣។