មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកប្រធានាធិបតី Joe Biden បានអនុម័តការផ្តល់គ្រាប់មីនប្រឆាំងមនុស្ស ឱ្យដល់អ៊ុយក្រែន ជាជំហានដែលអាចជួយពន្យឺតការវាយរុលរបស់រុស្ស៊ីនៅភាគខាងកើតរបស់ខ្លួន ជាពិសេសនៅពេលប្រើជាមួយគ្រាប់បែកផ្សេងទៀតរបស់សហរដ្ឋអាមេរិក។
មន្ត្រីរូបនេះនិយាយថា អាមេរិករំពឹងថាអ៊ុយក្រែននឹងប្រើប្រាស់មីននៅក្នុងទឹកដីរបស់ខ្លួនប៉ុណ្ណោះ ដោយសារខ្លួនបានប្តេជ្ញាថានឹងមិនប្រើប្រាស់មីនបែបនេះនៅក្នុងតំបន់ដែលមានប្រជាជនស៊ីវិលច្រើនឡើយ។ សារព័ត៌មាន Washington Post ជាអ្នកដំបូងដែលបានរាយការណ៍ពីរឿងនេះ។
មន្ត្រីមិនបញ្ចេញឈ្មោះរូបនេះបន្តថា អាមេរិកធ្លាប់បានផ្តល់គ្រាប់មីនប្រឆាំងរថក្រោះ ដល់អ៊ុយក្រែនពេញមួយសង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី ប៉ុន្តែការបន្ថែមគ្រាប់មីនប្រឆាំងមនុស្សនេះ មានគោលបំណងង្អាក់ការវាយរុលទៅមុខនៃកងទ័ពជើងគោករបស់រុស្ស៊ី។
មន្ត្រីរូបនោះបន្ថែមថា គ្រាប់មីនរបស់អាមេរិក គឺខុសពីរបស់រុស្ស៊ី ដោយសារពួកវា "មិនមានភាពស្ថិតស្ថេរទេ" ហើយក្លាយជាអសកម្ម (មិនផ្ទុះ) បន្ទាប់ពីហួសរយៈពេលកំណត់។ គ្រាប់មីនទាំងនោះត្រូវការថ្មដើម្បីបំផ្ទុះ ហើយនឹងមិនផ្ទុះទេនៅពេលដែលថ្មអស់៕