ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) បាននិយាយថា ប្រទេសចិនមានតួនាទីដ៏សំខាន់ ក្នុងការជួយបញ្ចៀសការកើនឡើងនូវភាពតានតឹងនុយក្លេអ៊ែរ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទម្លាក់កម្រិតគោលការណ៍ ដើម្បីបើកផ្លូវឲ្យមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។
លោក Macron បានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping (ស៊ី ជិនពីង) នៅថ្ងៃទី១៩ ខែវិច្ឆិកា នាទីក្រុង Rio de Janeiro (រីយ៉ូ ដឺ ហ្សាណេរ៉ូ) ប្រទេសប្រេស៊ីល ដែលជាផ្នែកនៃកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង២០ (G20) ហើយបាននិយាយថា លោកបានស្នើសុំឲ្យមេដឹកនាំចិនដាក់សម្ពាធលើលោក Putin ដើម្បីបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យប្រមុខដឹកនាំរុស្ស៊ី បង្ហាញពី «ហេតុផល» ផងដែរ។
លោក Macron បាននិយាយថា ការសម្រេចរបស់កូរ៉េខាងជើង ក្នុងការបញ្ជូនកងទ័ពទៅប្រយុទ្ធ នៅប្រទេសអ៊ុយក្រែន បានបង្កើនហានិភ័យ សម្រាប់ប្រទេសចិន ហើយថា ប្រទេសនេះគួរតែជំរុញឲ្យមានការបន្ថយភាពតានតឹង ក្រោយពីមានការសម្រេចរបស់លោក Putin ក្នុងការកែប្រែគោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ី។
គួរបញ្ជាក់ថា លោក Putin បានយល់ព្រមលើការផ្លាស់ប្តូរនេះ នៅពេលដែលអ៊ុយក្រែន បានប្រើប្រាស់មីស៊ីល ATACMS របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលកាន់តែជ្រៅទៅក្នុងដែនដីរុស្ស៊ី ដោយទាញយកអត្ថប្រយោជន៍ពីការអនុញ្ញាតថ្មីៗពីរដ្ឋបាលជិតផុតអាណត្តិរបស់ប្រធានាធិបតី លោក Joe Biden នៅថ្ងៃដែលសង្រ្គាមគ្រប់ ១.០០០ថ្ងៃ៕