ការចរចាឲ្យមានបទឈប់បាញ់ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានជាប់គាំង។ ការស្លាប់ និងរបួស នៅក្នុងដែនដីនេះ កំពុងកើនឡើង។ ហើយក្រុមគ្រួសាររបស់ចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនពីអ៊ីស្រាអែលនៅក្នុងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស រហូតបញ្ឆេះឲ្យកើតសង្រ្គាមយ៉ាងខ្លាំងក្លា កាន់តែអស់សង្ឃឹម ចំពោះស្ថានភាពនៃសាច់ញាតិរបស់ពួកគេ។
បន្ទាប់ពីប្រើយុទ្ធសាស្ត្រក្ដៅទាំងអស់គ្រប់យ៉ាង ឥឡូវនេះ អ៊ីស្រាអែលបានសម្រេចរកមើលថា តើវិធីបែបត្រជាក់អាចធ្វើឲ្យមានភាពខុសគ្នាដែរ ឬទេ។
កាលពីថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសន្យាម្តងទៀតថា អ៊ីស្រាអែលនឹងតាមប្រមាញ់ និងដាក់ទណ្ឌកម្មអ្នកដែលធ្វើបាបចំណាប់ថ្នូរ ប៉ុន្តែលោកបានបន្ថែមការសន្យាថ្មី នោះគឺ អ៊ីស្រាអែលនឹងផ្តល់រង្វាន់ដ៏សប្បុរសដល់ជនណាដែលប្រគល់ត្រឡប់មកវិញនូវអ្នកដែលត្រូវបានចាប់ខ្លួន ដោយបង់ប្រាក់ចំនួន ៥លានដុល្លារ និងផ្តល់ការធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាពចេញពីតំបន់ហ្កាហ្សា។
ការផ្តល់ជូនរង្វាន់នេះ កើតមានឡើងនៅពេលដែលសមាជិកនៃការិយាល័យរបស់លោក Netanyahu កំពុងប្រឈមនឹងការត្រួតពិនិត្យ ចំពោះការលេចធ្លាយឯកសារសម្ងាត់ ដើម្បីជះឥទ្ធិពលលើមតិសាធារណៈ លុបបំបាត់ការជំរុញដ៏មានប្រជាប្រិយភាពមួយ ដើម្បីឲ្យមានបទឈប់បាញ់ដែលនឹងទទួលការដោះលែងចំណាប់ថ្នូរ និងលើកកម្ពស់គោលជំហរចរចារបស់លោកនាយករដ្ឋមន្ត្រី៕