សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) បានប្តេជ្ញាថា នឹងរឹតបន្តឹងទិដ្ឋាការលើមន្ត្រីហុងកុងដែលត្រូវទទួលខុសត្រូវ ចំពោះការកាត់ទោសមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤៥នាក់ និងអ្នកតស៊ូមតិផ្សេងទៀតឲ្យជាប់ពន្ធនាគាររយៈពេលយូរ។
ក្រសួងការបរទេស បានធ្វើសេចក្តីប្រកាសនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបានបញ្ជាក់ថា តើនរណាខ្លះ នឹងក្លាយជាគោលដៅជាមួយនឹងវិធានការដាក់ទណ្ឌកម្មនេះ ឬថា តើមានមនុស្សប៉ុន្មាននាក់ នឹងរងផលប៉ះពាល់នោះឡើយ។
សេចក្តីប្រកាស ត្រូវបានធ្វើឡើង បន្ទាប់ពីតុលាការហុងកុង បានកាត់ទោសសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងចំនួន ៤៥នាក់ ឲ្យជាប់ពន្ធនាគារពីរយៈពេលពី ៥១ ទៅ ១២០ខែ ពីបទសមគំនិត ដើម្បីធ្វើវិទ្ធង្សនា ក្រោមច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាស និងធ្ងន់ធ្ងររបស់ទីក្រុងនេះ។
ចុងចោទទាំងអស់ ត្រូវបានចាប់ខ្លួន នៅទូទាំងទីក្រុង ក្នុងខែមករា ឆ្នាំ២០២១ ពីបទរៀបចំការបោះឆ្នោតបឋម ក្នុងខែកក្កដា ឆ្នាំ២០២០ ដើម្បីជ្រើសរើសអ្នកនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីព្យាយាម និងទទួលបានសំឡេងភាគច្រើន នៅក្នុងក្រុមប្រឹក្សានីតិប្បញ្ញត្តិ និងអំណាចវេតូ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានថ្កោលទោសចិនម្តងហើយម្តងទៀត ជុំវិញការដកសិទ្ធិ និងការដាក់កំហិតលើទីក្រុងហុងកុង ដោយរួមបញ្ចូលទាំងការរឹតបន្តឹងទិដ្ឋាការ និងការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីដែលត្រូវទទួលខុសត្រូវចំពោះការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ៕