ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា សហរដ្ឋអាមេរិកមើលឃើញថា ពុំមានបុរេលក្ខខណ្ឌសម្រាប់ប្រទេសរុស្ស៊ី ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងជម្លោះអ៊ុយក្រែននោះទេ។
យោងតាមទីភ្នាក់ងារសារព័ត៌មាននេះ បានឲ្យដឹងថា សហរដ្ឋអាមេរិករំពឹងថា រុស្ស៊ីនឹងធ្វើបច្ចុប្បន្នភាពគោលការណ៍នុយក្លេអ៊ែររបស់ខ្លួន ដូច្នេះវាមិនបានធ្វើឲ្យមានការភ្ញាក់ផ្អើលទេ។
កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា គោលការណ៍នុយក្លេអ៊ែរដែលបានធ្វើបច្ចុប្បន្នភាពរបស់រុស្ស៊ី ផ្តល់លទ្ធភាពនៃការឆ្លើយតបដោយនុយក្លេអ៊ែរចំពោះការប្រើប្រាស់ក្បាលគ្រាប់ដែលមិនមែននុយក្លេអ៊ែររបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី។ មុននេះ លោកបាននិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការអនុញ្ញាតឲ្យអ៊ុយក្រែន ប្រើប្រាស់មីស៊ីលរបស់អាមេរិក ដើម្បីវាយប្រហារចូលទៅជ្រៅក្នុងប្រទេសរុស្ស៊ី មានន័យថា ជា «ការបង្កើនភាពតានតឹងជុំថ្មី»។
មុននេះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តធ្វើបច្ចុប្បន្នភាពគោលការណ៍នុយ ក្លេអ៊ែររបស់ប្រទេសនេះ ដែលជាគោលការណ៍ជាមូលដ្ឋាននៃគោលនយោបាយរដ្ឋរបស់សហព័ន្ធរុស្ស៊ីស្តីពីការទប់ស្កាត់នុយក្លេអ៊ែរ។ គោលការណ៍ស្នូល នៅតែដដែល៖ អាវុធនុយក្លេអ៊ែរ គឺជាមធ្យោបាយចុងក្រោយ ដើម្បីធានាការការពារអធិបតេយ្យភាពរបស់ប្រទេស។ ទន្ទឹមនឹងនេះ លក្ខខណ្ឌត្រូវបានបន្ថែម ដែលអនុញ្ញាតឲ្យ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីមានការគំរាមកំហែង និងហានិភ័យផ្នែកយោធាថ្មីសម្រាប់រុស្ស៊ី។

