មេដឹកនាំស្តាំនិយមជ្រុលរបស់បារាំង លោកស្រី Marine Le Pen នៅថ្ងៃពុធ (ទី២០ ខែវិច្ឆិកា) នេះ បានគំរាមថា នឹងស្វែងរកការផ្តួលរំលំរដ្ឋាភិបាលចម្រុះដ៏ផុយស្រួយរបស់នាយករដ្ឋមន្ត្រី លោក Michel Barnier ប្រសិនបើការព្រួយបារម្ភអំពីតម្លៃនៃការរស់នៅរបស់គណបក្ស National Rally (RN) របស់លោកស្រី មិនត្រូវបានបញ្ចូលទៅក្នុងថវិកាឆ្នាំ២០២៥ នោះទេ។
ការបញ្ចេញនូវការព្រមានរបស់លោកស្រី Le Pen កើតមានឡើងនៅពេលដែលលោកស្រីត្រូវប្រឈមជាមួយនឹងឧបសគ្គធំៗដែលអាចកើតមាន ដោយរដ្ឋអាជ្ញាស្វែងរកបម្រាមជាកាតព្វកិច្ចរយៈពេល ៥ឆ្នាំ មិនឲ្យបំពេញតួនាទីក្នុងការិយាល័យសាធារណៈ ដោយសារការចោទប្រកាន់ថា លោកស្រីមានជាប់ពាក់ព័ន្ធនឹងការគៃបន្លំមូលនិធិសហភាពអឺរ៉ុប។ តែលោកស្រីបដិសេធការចោទប្រកាន់នេះ។ ប្រសិនបើចៅក្រមកាត់ទោសលោកស្រី Le Pen និងតម្កល់ការកាត់ទោសតាមការចង់បាននោះ លោកស្រីនឹងត្រូវបានរារាំងមិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧ ដែលមនុស្សជាច្រើនជឿថា លោកស្រីអាចឈ្នះ។
អ្នកវិភាគមួយចំនួន បានលើកឡើងថា បញ្ហាផ្លូវច្បាប់របស់លោកស្រី Le Pen អាចពន្លឿនផែនការរបស់លោកស្រីក្នុងការទម្លាក់រដ្ឋាភិបាល។
លោក Le Pen បានប្រាប់វិទ្យុ RTL ថា៖ «យើងនឹងមិនទទួលយកថា អំណាចនៃការទិញរបស់ជនជាតិបារាំង ត្រូវរងផលប៉ះពាល់ម្តងទៀតនោះទេ។ នេះគឺជាបន្ទាត់ក្រហម ហើយប្រសិនបើបន្ទាត់ក្រហមនេះ ត្រូវបានឆ្លងកាត់ យើងនឹងបោះឆ្នោតដកសេចក្ដីទុកចិត្ត»។
នៅថ្ងៃពុធនេះ លោកស្រី Le Pen ក៏បាននិយាយផងដែរថា គណបក្ស RN បានប្រឆាំងនឹងការបង្កើនបន្ទុកពន្ធលើគ្រួសារ សហគ្រិន ឬអ្នកចូលនិវត្តន៍ ហើយរហូតមកដល់ពេលនេះការទាមទារទាំងនេះ មិនត្រូវបានបង្ហាញនៅក្នុងកញ្ចប់ថវិកា នាពេលខាងមុខនោះទេ។
លោកស្រី Le Pen បានធ្វើឲ្យក្តីបារម្ភពីតម្លៃនៃការរស់នៅជាគោលនយោបាយដ៏សំខាន់ ក្នុងការស្នើឡើងនូវការបោះឆ្នោតរបស់លោកស្រី ដែលជាធម្មតាច្រើនតែផ្តោតលើបញ្ហាប្រឆាំងនឹងជនអន្តោប្រវេសន៍ និងសន្តិសុខ៕

