លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងបទសម្ភាសន៍ថ្មីមួយ បានព្រមានថាការបាត់បង់ការរួបរួមគ្នារវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងក្លាយជារឿងគ្រោះថ្នាក់ខ្លាំងបំផុត ។

លោក Zelensky បានប្រាប់ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានបរទេស Fox News លោក Trey Yingstក្នុងកិច្ចសម្ភាសន៍មួយស្ដីពីរបាយការណ៍ពិសេសថា នៅពេលនេះ គឺអាស្រ័យលើការរួបរួមរបស់យើងនៅអ៊ុយក្រែន។ ហើយខ្ញុំគិតថានោះជាអ្វីដែលគ្រោះថ្នាក់ខ្លាំងបំផុត ប្រសិនបើយើងនឹងបាត់បង់ឯកភាពគ្នានៅអឺរ៉ុប ហើយអ្វីដែលសំខាន់បំផុតគឺការរួបរួមរវាងអ៊ុយក្រែននិងសហរដ្ឋអាមេរិក។

ការអត្ថាធិប្បាយរបស់លោកកើតឡើង ខណៈការព្រួយបារម្ភក្នុងប្រទេសអ៊ុយក្រែនបានកើនឡើងស្របពេលសង្រ្គាមឈានចូលជិតដល់បីឆ្នាំជាមួយរុស្ស៊ី និងការវិលត្រឡប់របស់ប្រធានាធិបតីជាប់ឆ្នោត លោក Trump ទៅកាន់សេតវិមានជាលើកទី២នៅខែមករា២០២៥ខាងមុខ។

ក្តីបារម្ភមួយផ្នែកកើតចេញពីភាពស្និទ្ធស្នាលរបស់លោក Trump ចំពោះប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលលោកបានហៅថាជា មនុស្សឈ្លាសវៃ បន្ទាប់ពីលោកបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយត្រូវបានរាយការណ៍ថាបានហៅទូរស័ព្ទចំនួន៧លើកចាប់តាំងពីការចាកចេញពីតំណែងក្នុងខែមករា ឆ្នាំ ២០២១ ។
ការរិះគន់របស់លោក Trump លើការចំណាយរបស់រដ្ឋបាលលោក Biden ដល់អ៊ុយក្រែន ក៏បានបង្កឱ្យមានការព្រួយបារម្ភផងដែរ។ ទោះយ៉ាងណា បន្ទាប់ពីជ័យជម្នះប្រធានាធិបតីរបស់លោក Trump លោកZelensky បាននិយាយថាលោកមានការសន្ទនាប្រកបដោយផ្លែផ្កាជាមួយប្រធានាធិបតីជាប់ឆ្នោតរូបនេះ។ការលើកឡើងពីសំណាក់មេដឹកនាំអ៊ុយក្រែន បែបនេះ ក៏កើតមានឡើងផងដែរ ស្របពេលស្ថានទូតអាមេរិកប្រចាំទីក្រុង Kyiv បានបិទកាលពីថ្ងៃពុធ បន្ទាប់ពីបានទទួលនូវអ្វីដែលខ្លួនបានហៅថាជាព័ត៌មានជាក់លាក់ពីលទ្ធភាពនៃការវាយប្រហារទ្រង់ទ្រាយធំតាមអាកាស៕