កូដកម្មទ្រង់ទ្រាយធំរបស់បុគ្គលិកនៅប្រទេសក្រិក បានបង្កផលប៉ះពាល់យ៉ាងទូលំទូលាយ ដោយបង្អាក់ដំណើរការកំពង់ផែ រំខានដល់សេវាផ្លូវដែក និងរថយន្តក្រុងនៅទូទាំងប្រទេសកាលពីថ្ងៃពុធ (២០ វិច្ឆិកា) ខណៈកម្មកររាប់ពាន់នាក់បានដើរដង្ហែក្បួនតវ៉ានៅទីក្រុងអាតែន ដើម្បីទាមទារប្រាក់ខែខ្ពស់ និងជីវភាពរស់នៅកាន់តែប្រសើរឡើង។

វេជ្ជបណ្ឌិត គ្រូបង្រៀន បុគ្គលិកសាងសង់ និងកម្មករដឹកជញ្ជូនមកពីសហជីពវិស័យឯកជន និងរដ្ឋដ៏ធំបំផុតរបស់ក្រិក បានចូលរួមក្នុងកូដកម្មនេះ ដែលត្រូវបានជំរុញដោយសារផលប៉ះពាល់ដ៏រ៉ាំរ៉ៃនៃវិបត្តិបំណុលឆ្នាំ២០០៩-២០១៨ របស់ប្រទេស និងតម្លៃដ៏ខ្ពស់ក្នុងការរស់នៅប្រចាំថ្ងៃ។

សេដ្ឋកិច្ចរបស់ក្រិក បានស្ទុះងើបឡើងវិញចាប់តាំងពីមានវិបត្តិបំណុល ប៉ុន្តែប្រាក់ខែនៅប្រទេសនេះទាមជាងតួលេខមធ្យមក្នុងអឺរ៉ុប ហើយផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់គឺស្ថិតក្នុងចំណោមកម្រិតទាបបំផុតនៅក្នុងសហភាពអឺរ៉ុប ខណៈតម្លៃទំនិញបានកើនឡើងយ៉ាងខ្លាំង។

រដ្ឋាភិបាលកណ្តាលនិយមស្តាំ របស់លោកនាយករដ្ឋមន្ត្រី Kyriakos Mitsotakis បានដំឡើងប្រាក់ឈ្នួលសរុបប្រចាំខែអប្បបរមា ៤ដង ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០១៩មក ដល់តួលេខ ៨៣០អឺរ៉ូ ហើយសន្យាថានឹងដំឡើងដល់ ៩៥០អឺរ៉ូ នៅឆ្នាំ២០២៧ រួមទាំងការបង្កើនប្រាក់សោធននិវត្តន៍។ប៉ុន្តែពលរដ្ឋក្រិកត្អូញត្អែរថា ការដំឡើងនេះមិនគ្រប់គ្រាន់ទេ ដោយសារតម្លៃថាមពល អាហារ និងផ្ទះសម្បែងបន្តកើនឡើងលើសពីប្រាក់ខែ និងប្រាក់សោធននិវត្តន៍៕