ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តម ត្រិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម គ្រោងជួបសវនាកា និងជំនួបទ្វេភាគីជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ ចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាព្រះមហាក្សត្រ និងចូលជួបសម្តែងការគួរសមជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នៅអគាររដ្ឋបាលរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលធារណរដ្ឋសង្គមនិយមវៀតណាម និងអញ្ជើញចូលក្នុងកិច្ចប្រជុំICAAP និងកិច្ចប្រជុំIPTP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕








