ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង និង រុស្ស៊ី បានចុះហត្ថលេខាលើពិធីសារមួយស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការរបស់ពួកគេ ស្តីពីសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅទីក្រុងព្យុងយ៉ាង។
ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃពុធ បន្ទាប់ពីបានបើកកិច្ចប្រជុំលើកទី១១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា កាលពីថ្ងៃអង្គការ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ។

លោក Yun Jong-ho រដ្ឋមន្ត្រីទំនាក់ទំនងសេដ្ឋកិច្ចខាងក្រៅប្រទេសរបស់ប្រទេសកូរ៉េខាងជើង និងរដ្ឋ មន្ត្រីធនធានធម្មជាតិរបស់រុស្ស៊ី លោក Alexander Kozlov បានចុះហត្ថលេខាលើពិធីសារនេះ ខណៈដែលទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បាននិងកំពុងជំរុញភាពជាដៃគូទ្វេភាគីរបស់ពួកគេ រួមទាំងកិច្ចសហប្រតិបត្តិការយោធាផងដែរ។
KCNA មិនបានបង្ហាញព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន TASS របស់ រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃពុធថា កូរ៉េខាងជើង និងរុស្ស៊ី បានយល់ព្រមបង្កើនចំនួនជើងហោះហើរពិសេស។
ក្រសួងធនធានធម្មជាតិរបស់រុស្ស៊ី ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានTASSថា កិច្ចព្រមព្រៀងនេះស្នើឲ្យមានការរៀបចំជើងហោះហើរត្រង់មិនត្រឹមតែពីតំបន់ភាគខាងកើតរបស់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីទីក្រុងធំៗរបស់ខ្លួនផងដែរ។ បច្ចុប្បន្ននេះ មានតែផ្លូវហោះហើរតភ្ជាប់ពីទីក្រុងVladivostok របស់រុស្ស៊ី និងទីក្រុងព្យុងយ៉ាងប៉ុណ្ណោះ ដែលកំពុងដំណើរការ។
