ឡោមព័ទ្ធដោយកាកសំណល់រាប់សិបតោនបំភាយឧស្ម័នពុល អ្នកស្រី Hema គឺជាស្រ្តីមេផ្ទះវ័យ ៤០ឆ្នាំ រស់នៅក្នុងតំបន់ក្រីក្រជិតគំនរសំរាម Bhalswa ព្យាយាមដកដង្ហើមស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្របពេលកង្វក់បរិយាកាសកើនឡើងនៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ។
ស្របពេលដែលប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីញូវដែល្លី និងរដ្ឋភាគខាងជើងផ្សេងទៀត ព្រួយបារម្ភពីជំងឺបង្កឡើងដោយសារកង្វក់បរិយាកាស ជាពិសេសអំឡុងរដូវរងា អ្នកស្រី Hema បានស្រូបយកឧស្ម័នពុលពីគំនរសំរាម Bhalswa អស់រយៈពេល ២៥ឆ្នាំកន្លងមកហើយ ។
រស់នៅក្នុងតំបន់ពោពេញដោយមនុស្សធ្វើការជាអ្នកដើររើសសំរាម អ្នកស្រី Hema និងមនុស្សជាច្រើនទៀតដូចជារូបគាត់ តែងតែរងផលប៉ះពាល់ដោយសារឧស្ម័នពុល រួមទាំងឧស្ម័នមេតាន និងកាបូនឌីអុកស៊ីត ដែលកើតចេញពីកាកសំណល់ពុលដែលគេបោះចោលនៅក្នុងគំនរសំរាម ។
អ្នកស្រី Hema ធ្លាប់រើសសំរាមអស់រយៈពេល ១៥ឆ្នាំ ប៉ុន្តែក្រោយមកអ្នកស្រីបានសម្រេចចិត្តឈប់វិញ ដោយសារក្តីកង្វល់សុខភាព ។
អ្នកស្រី បាននិយាយដោយក្តីសោកស្តាយថា វានឹងល្អប្រសើរជាង បើសិនជាអ្នកស្រីរស់នៅក្នុងភូមិកំណើតរបស់អ្នកស្រី ដោយសារតែគ្មានកង្វក់បរិយាកាសនោះទេនៅទីនោះ ។
អ្នកស្រី Priyanka គឺជាអ្នកជិតខាងរបស់អ្នកស្រី Hema បានរំឭកដល់មនុស្សរស់នៅកន្លែងដែលកើតមានបញ្ហាផ្លូវដង្ហើម រួមទាំងជំងឺហឺត និងជំងឺរបេង ដោយសារការបំភាយឧស្ម័នពីគំនរសំរាម ហើយនិងកង្វក់បរិយាកាសមានស្រាប់ ។
អ្នកស្រី Bharti Chaturvedi គឺជាស្ថាបនិកបង្កើតក្រុមស្រាវជ្រាវបរិស្ថាន Chintan និយាយថា ផលប៉ះពាល់ដោយសារកង្វក់បរិយាកាសលើមនុស្សរស់នៅជិតគំនរសំរាម គឺអាក្រក់ខ្លាំងជាងគេ ពេលដែលពួកគេពុំទទួលបានការមើលថែសុខភាពបានត្រឹមត្រូវ ហើយតែងតែរងគ្រោះរួចទៅហើយដោយសារលក្ខខណ្ឌផ្សេងទៀត ដូចជាកង្វះខាតអាហារូបត្ថម្ភជាដើម ៕


