ការពាក់ព័ន្ធរបស់ធនាគារិកវិនិយោគ លោក Howard Lutnick ចំពោះប្រទេសចិន បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង កាលពីថ្ងៃពុធ (ទី២០ ខែវិច្ឆិកា) បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានជ្រើសរើសរូបលោកឲ្យដឹកនាំទីភ្នាក់ងារដ៏សំខាន់របស់រដ្ឋាភិបាល ដែលបានក្លាយជាតួនាទីដ៏លេចធ្លោ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន។
ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដែលគ្រប់គ្រងដោយលោក Lutnick បានទទួលផលចំណេញពីទំនាក់ទំនងជាមួយប្រទេសចិន រាប់ចាប់ពីក្រុមហ៊ុន BGC Group ដែលមានការបណ្តាក់ទុនរួមគ្នា នៅទីក្រុងប៉េកាំង ជាមួយក្រុមហ៊ុន China Credit Trust ដែលជាកម្មសិទ្ធិរបស់រដ្ឋ រហូតដល់ក្រុមហ៊ុន Cantor Fitzgerald ដែលបានជួយក្រុមហ៊ុនចិនចុះបញ្ជីភាគហ៊ុនក្នុងផ្សារហ៊ុនសាធារណៈ នៅសហរដ្ឋអាមេរិក។
សមាជិកសភា និងអ្នកជំនាញច្បាប់ បាននិយាយថា ទំនាក់ទំនងហិរញ្ញវត្ថុទាំងនេះ បង្កើតបានជាសំណួរថា តើលោក Lutnick អាចត្រូវបានជះឥទ្ធិពលដោយមិនត្រឹមត្រូវពីទីក្រុងប៉េកាំងដែរ ឬយ៉ាងណា នៅពេលដែលធ្វើការសម្រេចចិត្តថា តើត្រូវដំឡើងពន្ធថ្មី និងទប់ស្កាត់ការនាំចេញ ពាក់ព័ន្ធនឹងប្រទេសចិន ក្នុងនាមជាតំណាងផ្នែកពាណិជ្ជកម្ម និងរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
ទាំងក្រុមហ៊ុន Cantor Fitzgerald ក្រុមហ៊ុន BGC Group និងក្រុមយុទ្ធនាការរបស់លោក Trump មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការលើកឡើងនេះ៕

