អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova និយាយនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ក្នុងការពិចារណាលើគំនិតផ្តួចផ្តើមសន្តិភាពប្រាកដនិយមណាមួយលើជម្លោះនៅអ៊ុយក្រែន ដែលរាប់បញ្ចូលទាំងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់រុស្ស៊ី និងស្ថានភាពនៅលើដី ។
អ្នកស្រី Zakharova និយាយថា ទីក្រុងម៉ូស្គូ ស្វាគមន៍កិច្ចពិភាក្សា និងដឹងគុណចំពោះប្រទេសទាំងឡាយណាដែលព្យាយាមជួយស្វែងដំណោះស្រាយសន្តិភាព ។
អ្នកស្រីថា ពួកយើងនឹងដឹងគុណចំពោះប្រទេសទាំងឡាយណា ក្រុមមន្រ្តី និងឥស្សជនសាធារណៈ ដែលចូលរួមយ៉ាងសកម្ម និងស្មោះត្រង់ ក្នុងការស្វែងរកមធ្យោបាយដោះស្រាយស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ។ ពួកយើងស្វាគមន៍ចំពោះកិច្ចចរចា ហើយពួកយើងត្រៀមខ្លួនរួចរាល់ក្នុងការពិចារណាលើ គំនិតផ្តួចផ្តើមមិនមែននយោបាយ និងប្រាកដនិយមណាមួយ ។
អ្នកស្រីបន្តទៀតថា រឿងសំខាន់នៅទីនេះ គឺសន្តិភាពត្រូវតែរាប់បញ្ចូលទាំងផលប្រយោជន៍របស់ប្រទេសពួកយើង ស្ថានភាពបច្ចុប្បន្ននៅលើដី និងការធានាដល់ការសម្រេចបានកិច្ចព្រមព្រៀងទាំងអស់នេះ ៕

