រដ្ឋមន្ត្រីការពារជាតិហុងគ្រី បាននិយាយថា ប្រទេសរបស់លោក នឹងដំឡើងប្រព័ន្ធការពារដែនអាកាស នៅតំបន់ព្រំដែនភាគឦសាន ខណៈដែលការគំរាមកំហែងពីការកើនឡើងនូវភាពតានតឹងនៃសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី គឺមានកម្រិត «ធំជាងពេលណាៗទាំងអស់»។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) បានបន្ថយលក្ខន្តិកៈ សម្រាប់ការវាយប្រហារនុយក្លេអ៊ែរ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធធម្មតាទូទៅយ៉ាងទូលំទូលាយ បន្ទាប់ពីសហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់អាមេរិកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី។
ទីក្រុងមូស្គូ បាននិយាយថា អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល ATACMS របស់សហរដ្ឋអាមេរិកជាលើកដំបូងកាលពីថ្ងៃអង្គារ ជាការវាយប្រហារដែលត្រូវបានរុស្ស៊ីចាត់ទុកថា ជាការបង្កើននូវភាពតានតឹងដ៏សំខាន់។
នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់លោក កាលពីល្ងាចថ្ងៃពុធលោក Kristof Szalay-Bobrovniczky បានឲ្យដឹងថា៖ «យើងនៅតែជឿជាក់ថា នឹងមានសន្តិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន តាមរយៈផ្នែកការទូត ជំនួសឲ្យដំណោះស្រាយខាងយោធា»។
តែបន្ទាប់ពីមានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាការពារជាតិ ដែលត្រូវបានកោះប្រជុំដោយនាយករដ្ឋមន្ត្រី លោក Viktor Orban ដើម្បីពិភាក្សាអំពីការវិវត្តន៍ នៅអ៊ុយក្រែន លោកបាននិយាយថា៖ «ទោះជាយ៉ាងណាក៏ដោយ ដើម្បីរៀបចំត្រៀមនូវវិធានការប្រុងប្រយ័ត្នទាំងអស់ ខ្ញុំបានបញ្ជាថា ប្រព័ន្ធគ្រប់គ្រងអាកាស និងការពារដែនអាកាសដែលទើបនឹងទិញថ្មីៗនេះ និងសមត្ថភាពដែលត្រូវបានបង្កើតឡើងនៅលើឧបករណ៍ទាំងនោះ ត្រូវដំឡើងនៅភាគឦសានប្រទេស»។
លោក Szalay-Bobrovniczky បានបន្ថែមថា «ការគំរាមកំហែងនៃការកើនឡើងនូវភាពតានតឹងនៃសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី គឺមានកម្រិតធំជាងពេលណាទាំងអស់»។ ហុងគ្រី ដែលជាប្រទេសសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងសហភាពអឺរ៉ុប មានព្រំដែនជាប់អ៊ុយក្រែន៕

