អាហ្វហ្គានីស្ថាន៖ ស្ត្រីអាហ្វហ្គានីស្ថានមួយក្រុមបានជំរុញឱ្យអង្គការសហប្រជាជាតិ រារាំងពួកតាលីបង់កុំឲ្យទទួលបានអាសនៈនៅក្នុងស្ថាប័នពិភពលោក ដោយអំពាវនាវឱ្យមានការតំណាងកាន់តែប្រសើរឡើងសម្រាប់ប្រទេសរបស់ពួកគេ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្ដាលរបស់អង្គការនៅទីក្រុង New York កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា។

អតីតអ្នកនយោបាយអាហ្វហ្គានីស្ថាន និងអ្នកចរចាសន្តិភាពលោកស្រី Fawzia Koofi បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុង New York ថា វាជារឿងងាយខ្លាំងណាស់។ អង្គការសហប្រជាជាតិត្រូវផ្តល់អាសនៈដល់នរណាម្នាក់ ដែលគោរពសិទ្ធិរបស់មនុស្សគ្រប់រូបនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោកស្រីបាននិយាយអំពីស្ត្រីអាហ្វហ្គានីស្ថានថា មានគេនិយាយច្រើនណាស់ពីពួកយើង ប៉ុន្តែគេមិនស្តាប់រឿងរបស់យើងទេ។ ជំនួយ ប្រាក់ ការទទួលស្គាល់-ទាំងអស់សុទ្ធតែជាឥទ្ធិពលដែលពិភពលោកគួរតែប្រើប្រាស់សម្រាប់ការរួមបញ្ចូល ការគោរពសិទ្ធិស្ត្រី និងការគោរពសិទ្ធិរបស់មនុស្សគ្រប់រូប។
ចាប់តាំងពីការដណ្តើមអំណាចកាលពីពាក់កណ្តាលខែសីហាមក មេដឹកនាំក្រុមតាលីបង់បានសន្យាថានឹងគោរពសិទ្ធិស្ត្រី ដោយអនុលោមតាមច្បាប់សារៀ (sharia) ឬច្បាប់អ៊ីស្លាម។ ប៉ុន្តែនៅក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ស្ត្រីមិនអាចធ្វើការបានទេ ហើយក្មេងស្រីត្រូវបានហាមឃាត់មិនឱ្យចូលរៀន។ ស្ត្រីត្រូវបិទមុខ ហើយត្រូវសាច់ញាតិខាងប្រុសអមដំណើរពេលពួកគេចាកចេញពីផ្ទះ៕
អត្ថបទ៖ សុខមាន