ចៅក្រម នៅឯតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងអតីតប្រមុខការពារជាតិរបស់លោក គឺលោក Yoav Gallant ព្រមទាំងមេដឹកនាំរបស់ក្រុមហាម៉ាស លោក Ibrahim Al-Masri ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ចំណាត់ការនេះកើតឡើងបន្ទាប់ពីរដ្ឋអាជ្ញា ICC លោក Karim Khan បានប្រកាស កាលពីថ្ងៃទី២០ ខែឧសភាថា លោកកំពុងស្វះស្វែងធ្វើយ៉ាងណាឲ្យមានដីកាចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការប្រព្រឹត្តិបទឧក្រិដ្ឋ ដែលមានទាក់ទងនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល ដោយក្រុមហាម៉ាស និងការឆ្លើយតបសងសឹករបស់យោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
ICC បានលើកឡើងថា ការទទួលយករបស់អ៊ីស្រាអែលនូវយុត្តាធិការរបស់តុលាការ មិនត្រូវបានទាមទារនោះទេ។
អ៊ីស្រាអែលបានច្រានចោលយុត្តាធិការរបស់តុលាការ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេរបស់ប្រទេសហូឡង់មួយនេះ និងបដិសេធមិនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅតំបន់ហ្កាហ្សាឡើយ។ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់ លោក Al-Masri ដែលត្រូវបានគេស្គាល់ថា Mohammed Deif នៅក្នុងការវាយប្រហារតាមអាកាស តែក្រុមហាម៉ាសទាំងមិនបានបញ្ជាក់អះអាង ឬបដិសេធពីករណីនេះទេ៕