សេតវិមាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីត្រូវស្តីបន្ទោសចំពោះការធ្វើឲ្យជម្លោះរីកធំ «ប្រែប្រួលគ្រប់ពេល» នៅអ៊ុយក្រែន រួមទាំងការនាំយកទាហានកូរ៉េខាងជើង ទៅចូលរួមក្នុងកិច្ចប្រឹងប្រែង សង្គ្រាមរបស់ខ្លួន។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «ការធ្វើឲ្យជម្លោះរីកធំនៅគ្រប់ពេលគឺមកពីរុស្ស៊ី» ហើយសហរដ្ឋអាមេរិក បានព្រមានទីក្រុងមូស្គូប្រឆាំងការធ្វើឲ្យប្រទេសមួយផ្សេងទៀតជាប់ពាក់ព័ន្ធ នៅក្នុងផ្នែកផ្សេងនៃពិភពលោក។

លោកស្រី បានប្តេជ្ញាថា រដ្ឋបាលដែលនឹងចាកចេញតំណែងរបស់លោកប្រធានាធិបតី Joe Biden នឹងបន្ត «បង្កើនជំនួយ» ដល់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែទៀតនៃអាណត្តិរបស់លោក។
ប្រទេសរុស្ស៊ី បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យមថ្មីមួយចូលទៅអ៊ុយក្រែនកាលពីថ្ងៃពុធ ជាអ្វីដែលត្រូវបានគេមើលឃើញថាជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់លោក Biden ក្នុងការអនុញ្ញាតឱ្យទីក្រុងគីវ បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយផលិតដោយសហរដ្ឋអាមេរិក ចូលទៅក្នុងប្រទេសរុស្ស៊ី។
លោកស្រី Jean-Pierre បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការផ្លាស់ប្តូរជំហរជុំវិញមីស៊ីល អាតាខឹមស៍(ATACMS) ដែលត្រូវបានរាយការណ៍ដំបូងកាលពីចុងសប្តាហ៍។ លោកស្រី និយាយថា រុស្ស៊ី គឺជាអ្នកដែលកំពុងធ្វើឲ្យជម្លោះរីកធំ។ សហរដ្ឋអាមេរិក ពុំបានមើលឃើញហេតុផលណាមួយ ដើម្បីកែប្រែជំហរនុយក្លេអ៊ែររបស់ខ្លួនឡើយ បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ចំពោះគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី ខណៈថ្កោលទោសចំពោះអ្វីដែលលោកស្រី ចាត់ទុកថាជា «វោហាសស្ត្រមិនទទួលខុសត្រូវ» របស់ទីក្រុងមូស្គូ។