អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង ស៊ូវ៉ិន (Wang Shouwen) បាននិយាយនៅថ្ងៃសុក្រ (២២ វិច្ឆិកា) នេះថា ទីក្រុងប៉េកាំង មានឆន្ទៈក្នុងការដឹកនាំកិច្ចសន្ទនាយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិក ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងជំរុញការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។

លោក Wang ដែលក៏ជាអ្នកតំណាងពាណិជ្ជកម្មអន្តរជាតិរបស់ចិនផងដែរនោះ បានបន្តថា ប្រទេសចិននឹងអាច "ដោះស្រាយ និងទប់ទល់" ផលប៉ះពាល់នៃការប៉ះទង្គិចពីខាងក្រៅ ដោយឆ្លើយតបទៅនឹងសំណួរពីផលប៉ះពាល់នៃពន្ធដែលអាចដាក់ដោយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump។

លោក Trump បានគំរាមដាក់ពន្ធលើសពី ៦០ភាគរយ លើទំនិញចិនទាំងអស់ ដែលបានធ្វើឱ្យក្រុមហ៊ុនផលិតរបស់ចិនមានភាពច្របូកច្របល់ និងពន្លឿនការផ្លាស់ប្តូរទីតាំងរោងចក្រទៅកាន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត ខណៈអ្នកនាំចេញរបស់ចិនកំពុត្រៀមទប់ទល់នឹងការរំខានពាណិជ្ជកម្មណាមួយ។

អ្នកជំនាញសេដ្ឋកិច្ច ដែលត្រូវបានស្ទង់មតិដោយសារព័ត៌មានរ៉យទ័រជឿថា អាមេរិកអាចដាក់ពន្ធជិត ៤០ភាគរយ លើការនាំចូលពីចិន នៅដើមឆ្នាំក្រោយ ដែលអាចកាត់បន្ថយកំណើននៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះរហូតដល់ ១ភាគរយ៕