មជ្ឈមណ្ឌលការងារខេត្តសៀមរាប របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកម្មវិធីពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា សម្រាប់សិស្សវិទ្យាល័យ ដែលការងារនេះ រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។
ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា សម្រាប់សិស្សវិទ្យាល័យនេះ បានប្រារព្ធធ្វើឡើងនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាល័យបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានអ្នកចូលរួមទស្សនា និងសាកសួរព័ត៌មាននៅបញ្ជររបស់ NEA សរុបចំនួនជាង ៨០០នាក់ ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថា ការរៀបចំពិព័រណ៍នេះឡើង គឺជាផ្នែកមួយនៃការផ្ដល់មូលដ្ឋានព័ត៌មានមគ្គទេសក៍អាជីពដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគាត់សិក្សាស្វែងយល់អំពីតម្រូវការជំនាញ និងការត្រៀមលក្ខណៈសម្បត្តិខ្លួនឯងឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅកម្រិតឧត្តមសិក្សានាពេលខាងមុខ។