កំពង់ឆ្នាំង ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋឈ្មោះ ម៉ៅ គឺន ជាស្ត្រីមេម៉ាយចាស់ជរារស់នៅតែម្នាក់ឯង ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យរបើក ធ្លុះធ្លាយដំបូល និងជញ្ជាំងផ្ទះទាំងស្រុង នៅភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនចំពោះស្ត្រីម៉េម៉ាយជរាគ្មានទីពឹងដែលមកទទួលអំណោយនៅថ្ងៃនេះ ដោយអោយគាត់យកចិត្តទុកដាក់ថែរក្សាសុខភាព ឱ្យបានល្អប្រសើរ ដោយសម្អាតបរិស្ថានជុំវិញផ្ទះ ពិសារទឹកឆ្អិន ។ ថ្វីត្បិតតែអំណោយ ដែលបានចែកជូននៅពេលនេះ វាតិចតួចក៏ពិតមែន ប៉ុន្តែក៏អាចជួយដោះ ទុក្ខលំបាក របស់គាត់បានមួយកម្រិតផងដែរ។ ជីវិតរស់នៅត្រូវតែមានការតស៊ូ និងព្យាយាម កុំអស់សង្ឃឹម ចំពោះភាពក្រីក្រលំបាករបស់ខ្លួន ព្រោះថាគ្មាននរណាកើតមក មិនជួបការលំបាកឡើយ ប៉ុន្តែយើងត្រូវជំនះវាឲ្យបាន ដើម្បីបន្តជីវិតរស់ទៅមុខទៀត ។ ជានិច្ចកាលសម្តេចតែងតែ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងឱកាសនោះ ស្ត្រីមេម៉ាយចាស់ជរាបានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជួបការលំបាកដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយបែបនេះ ៕ កាំង ហុងវាស្នា






