បើយោងតាមអ្នកនាំពាក្យរបស់សម្ព័ន្ធភាពយោធាឆ្លងមហាសមុទ្រអាត្លង់ទិក បានឲ្យដឹងនៅថ្ងៃសៅរ៍ (ទី២៣ ខែវិច្ឆិកា) នេះថា អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានជួបជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នៅទីក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃសុក្រ (ទី២២ ខែវិច្ឆិកា)។

អ្នកនាំពាក្យ លោកស្រី Farah Dakhlallah បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា៖ «ឥស្សរជនជាន់ខ្ពស់ទាំង២ បានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខពិភពលោកដែលសម្ព័ន្ធភាពកំពុងប្រឈមជាមួយ»។
កាលពីថ្ងៃសុក្រ អង្គការណាតូមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើសេចក្ដីរាយាករណ៍ពីប្រព័ន្ធផ្សព្វផ្សាយហូឡង់ ដែលថា លោក Rutte ដែលជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសហូឡង់ បានធ្វើដំណើរទៅកាន់ Florida តាមយន្តហោះរបស់រដ្ឋាភិបាលហូឡង់ ដើម្បីជួបជាមួយលោក Trump។
គួរបញ្ជាក់ថា លោក Rutte ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថា ជាមេដឹកនាំអឺរ៉ុបដ៏ល្អបំផុតមួយរូប ដែលបង្កើតបាននូវទំនាក់ទំនងការងារយ៉ាងល្អជាមួយលោក Trump ក្នុងកំឡុងពេលអាណត្តិដំបូងរបស់លោក ជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅឆ្នាំ ២០១៧-២០២១៕