មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តលើការវាយតម្លៃឡើងវិញលើកទី៣ ជុំវិញថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លាររបស់ប្រទេសស្រីលង្កា នៅថ្ងៃសៅរ៍ (ទី២៣ ខែវិច្ឆិកា) ប៉ុន្តែបានព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ នៅតែងាយរងគ្រោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថាប័នផ្តល់ប្រាក់កម្ចីសកលមួយនេះ បានឲ្យដឹងថា ខ្លួននឹងបញ្ចេញទឹកប្រាក់ប្រមាណជា ៣៣៣លានដុល្លារ ដែលនាំឲ្យមូលនិធិសរុបឡើងដល់ប្រហែល ១,៣ពាន់លានដុល្លារ សម្រាប់ប្រទេសដែលរងគ្រោះដោយវិបត្តិមួយនេះ។ ស្ថាប័ននេះបាននិយាយថា សញ្ញានៃការងើបឡើងវិញរបស់សេដ្ឋកិច្ច កំពុងលេចឡើងបណ្ដើរៗ។

IMF បានបន្ថែមថា ប្រទេសនេះនៅតែត្រូវការបញ្ចប់ការសងប្រាក់របស់ម្ចាស់បំណុលចំនួន ១២,៥ពាន់លានដុល្លារដែលត្រូវបានពន្យារពេលសងត្រឡប់ និងធ្វើការឡើងវិញ ចំពោះបំណុលចំនួន ១០ពាន់លានដុល្លារជាមួយនឹងម្ចាស់បំណុលទ្វេភាគី ដែលរួមមានប្រទេសជប៉ុន ចិន និងឥណ្ឌា ដើម្បីធ្វើកម្មវិធីដំណើរការទៅមុខ។
គួរបញ្ជាក់ថា មូលនិធិសង្គ្រោះរបស់ IMF ដែលទទួលបានកាលពីខែមីនាឆ្នាំមុន បានជួយធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចមានស្ថិរភាព បន្ទាប់ពីស្រីលង្កាដែលមានបញ្ហាថវិកា បានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាង ៧ទសវត្សរ៍ ក្នុងឆ្នាំ២០២២៕