ក្រសួងសុខាភិបាលប្រទេសលីបង់បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់នៅកណ្តាលរដ្ឋធានីបេរូតកាលពីថ្ងៃសៅរ៍ ជាការវាយប្រហារដ៏សាហាវបំផុតមួយទៅលើបេះដូងនៃរដ្ឋធានីនេះ ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់កាលពីខែកញ្ញា។
ក្រសួងបាននិយាយថា មនុស្ស ១៣នាក់ផ្សេងទៀត រួមទាំងកុមារយ៉ាងហោចណាស់ ៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើភូមិ Chimsar និងភូមិ Bodai ក្នុងស្រុក Baalbek ភាគឦសានរដ្ឋធានីនេះ។
ប្រភពសន្តិសុខលីបង់បាននិយាយថា នៅក្នុងរដ្ឋធានី បេរូត អគារកម្ពស់៨មួយ ត្រូវបានវាយប្រហារដោយមីស៊ីលចំនួន៤គ្រាប់ រួមទាំងប្រភេទមីស៊ីលទម្លុះលេណដ្ឋានដែលត្រូវបានផលិតឡើងដើម្បីវាយប្រហារគោលដៅក្រោមដី។
អ៊ីស្រាអែលបានប្រើប្រាស់អាវុធកម្ទេចលេនដ្ឋានដើម្បីសម្លាប់ឥស្សរជនជាន់ខ្ពស់ក្រុមហេសបូឡា រួមទាំងមេដឹកនាំជើងចាស់របស់ខ្លួន គឺលោក Hassan Nasrallah នៅក្នុងការវាយប្រហារមួយនៅភាគខាងត្បូងរដ្ឋធានីបេរូត កាលពីខែកញ្ញា។
នៅឯទីតាំងនៃការវាយប្រហាររបស់អ៊ីស្រាអែលនៅកណ្តាលរដ្ឋធានីនេះ លោក Amin Chirri សមាជិកសភាតំណាងឱ្យក្រុមហេសបូឡា បាននិយាយថាពុំមានមេដឹកនាំក្រុមហេសបូឡា នៅក្នុងអគារដែលត្រូវបានវាយប្រហារនោះទេ៕


