អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ នៅថ្ងៃចន្ទ (២៥ វិច្ឆិកា) នេះបានរាយការណ៍ថា បាឡុងមួួយគ្រឿងរបស់ប្រទេសចិន ត្រូវបានប្រទះឃើញនៅលើសមុទ្រឆ្ពោះទៅភាគខាងជើងរបស់កោះតៃវ៉ាន់ ដែលជាលើកទីមួយហើយចាប់តាំងពីខែមេសាមក ដែលទីក្រុងតៃប៉ិបានរាយការណ៍ពីឧប្បត្តិហេតុបែបនេះ នៅក្នុងអ្វីដែលខ្លួនចាត់ទុកជាផ្នែកនៃការដាក់សម្ពាធដោយទីក្រុងប៉េកាំង។

កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន ធ្លាប់បានត្អូញត្អែរថាក្នុងប៉ុន្មានសប្តាហ៍ដែលឈានដល់ការបោះឆ្នោតមេដឹកនាំរបស់ខ្លួនកាលពីខែមករា សកម្មភាពបាឡុងរបស់ចិន បានកើតឡើងក្នុងទំហំមិនធ្លាប់មានពីមុនមក។

នៅក្នុងបច្ចុប្បន្នភាពពេលព្រឹកជាប្រចាំរបស់ខ្លួនលើសកម្មភាពយោធារបស់ចិន ក្នុងពេល ២៤ម៉ោង អាជ្ញាធរតៃវ៉ាន់បាននិយាយថា បាឡុងមួយគ្រឿងនោះត្រូវបានពិនិត្យឃើញនៅម៉ោង ៦:២១ល្ងាច (ម៉ោងក្នុងស្រុក) នៅថ្ងៃអាទិត្យ ចម្ងាយ ៦០ម៉ាយល៍ណត ក្នុងសមុទ្រ (១១១ គីឡូម៉ែត្រ) ទៅកាន់ភាគខាងជើងនៃកំពង់ផែ ឃីឡុង (Keelung) របស់តៃវ៉ាន់។

កន្លងមកប្រទេសចិន បានច្រានចោលការត្អូញត្អែររបស់តៃវ៉ាន់ អំពីបាឡុងទាំងនោះ ដោយនិយាយថាវាសម្រាប់គោលបំណងឧតុនិយមប៉ុណ្ណោះ និងមិនគួរត្រូវបានបំភាន់ដោយហេតុផលនយោបាយនោះឡើយ៕