មានរយៈពេល ១៩ឆ្នាំមកហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ព្រឹទ្ធាចារ្យចាស់ទុំដែលបានថែរក្សាមរតកវប្បធម៌របស់កម្ពុជាមួយនេះ បានឱ្យដឹងថា ល្ខោនស្រមោលស្បែកធំ ត្រូវបានមនុស្ស នៅលើដីខ្មែររៀបចំយកមកសម្ដែងតាំងពីមុនកាលសម័យអង្គរទៅទៀត។

ល្ខោនស្រមោលស្បែកធំ ជាល្ខោនសក្ការៈមួយដែលគេរៀបចំសម្ដែងសម្រាប់តែកិច្ចពិធីសាសនាប៉ុ ណ្ណោះ។ នេះបើតាមព្រឹទ្ធាចារ្យ ប៉ុក សារ៉ាន់ ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឱ្យដឹង។ លោកព្រឹទ្ធាចារ្យបន្តថា ទម្រង់ល្ខោននេះបុព្វដូនតាខ្មែរបានដកស្រង់ចេញពីរឿងរាមកេរ្តិ៍ ដែលបានហូរចូលមកកម្ពុជាតាំងពីដើមគ្រិស្តសករាជ មករៀបចំជាផ្ទាំងទស្សនីយភាពសម្ដែង។ វត្តមាននៃផ្ទាំងទស្សនីយភាពសម្ដែងល្ខោនស្រមោលស្បែកធំ ប្រហែលជារូបរាងនៅអំឡុងសតវត្សរ៍ទី៨ ក្រោយគ្រិស្ត សករាជ។
ដោយសារតែភាពចំណាស់ និងការស្រឡាញ់ រួមទាំងខ្លាចបាត់បង់មរតកវប្បធម៌នេះផងនោះ លោកព្រឹទ្ធាចារ្យ បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ជាពិសេសយុវជនសូមចូលរួមថែរក្សាមរតកនេះឱ្យបានគង់ វង្សពីមួយជំនាន់ទៅមួយជំនាន់។
ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ កម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ មក បានរៀបចំដាក់បញ្ចូលមរតកវប្បធម៌របស់ខ្លួនទាំងរូបី និងអរូបីបានចំនួនជាច្រើន ក្នុងនោះមានដូចជា តំបន់រមណី យដ្ឋានអង្គរ, ប្រាសាទព្រះវិហារ, តំបន់ប្រាសាទសម្បូរព្រៃគុក, តំបន់ប្រាសាទកោះកេរ, របាំព្រះរាជទ្រ ព្យ, ល្ខោនស្រមោលស្បែកធំ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ល្ខោនខោលវត្តស្វាយអណ្ដែត, គុនល្បុ ក្កតោ, បណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ក្រាំងរឿងអ៊ីណាវបុស្បា, រឿងរាមកេរ្តិ៍តាគ្រុឌ, ឋបនីយជីវមណ្ឌលបឹងទន្លេសាប និងក្រុងបាត់ដំបងជាដើម៕ ដោយ៖ គង់ ឌិន


