ជុំចុងក្រោយនៃកិច្ចពិភាក្សា ស្តីពីសន្ធិសញ្ញាបញ្ចប់ការបំពុលប្លាស្ទិក បានចាប់ផ្ដើមបើក នៅថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) នេះ ដោយមានអ្នកការទូតធ្វើជាប្រធាន នៅក្នុងដំណើរការចរចាដ៏លំបាក ដែលជំរុញឲ្យប្រទេសនានា «ទប់ទល់នឹងបញ្ហាប្រឈមដែលមានស្រាប់»។
កិច្ចប្រជុំនេះចាប់ផ្ដើមឡើងត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីភាពវឹកវរ បានឈានដល់ទីបញ្ចប់ ជុំវិញកិច្ចពិភាក្សា ស្តីពីអាកាសធាតុ COP29 នៅទីក្រុងបាគូ ប្រទេសអាសែប៊ៃហ្សង់ ដែលបានយល់ព្រមលើការជំរុញផ្ដល់មូលនិធិអាកាសធាតុ ដែលប្រទេសកំពុងអភិវឌ្ឍន៍ បានរិះគន់ថា មិនគ្រប់គ្រាន់។
អ្នកការទូតអេក្វាឌ័រ លោក Luis Vayas Valdivieso បានប្រាប់អង្គប្រជុំពេញអង្គ នៅទីក្រុង Busan របស់កូរ៉េខាងត្បូងថា៖ «សន្និសីទនេះ គឺនៅឆ្ងាយណាស់ពីការព្រាងសន្ធិសញ្ញាអន្តរជាតិ។ វាគឺពាក់ព័ន្ធនឹងបញ្ហាមនុស្សជាតិ ដែលត្រូវតែបង្កើនសកម្ម ដើម្បីទប់ទល់នឹងបញ្ហាប្រឈមដែលមានស្រាប់»។
គួរបញ្ជាក់ថា ការបំពុលដោយប្លាស្ទិក មានគ្រប់ទីកន្លែង ដែលវាត្រូវបានរកឃើញនៅក្នុងពពក ក្នុងមហាសមុទ្រជ្រៅៗបំផុត និងសូម្បីតែនៅក្នុងទឹកដោះរបស់មនុស្ស។ ហើយខណៈពេលដែលមនុស្សស្ទើរតែទាំងអស់យល់ឃើញដូចគ្នាថា វាជាបញ្ហា ប៉ុន្តែមានការយល់ស្របតិចជាងមុន អំពីវិធីដោះស្រាយនឹងការបង្កកខ្វក់នេះ។
ក្នុងចំណោមបញ្ហាដ៏ចម្រូងចម្រាសបំផុតនោះ គឺថា តើសន្ធិសញ្ញា គួរកំណត់ការផលិតប្លាស្ទិក ការហាមប្រាមសារធាតុគីមីដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សដែរ ឬយ៉ាងណា និងថា តើត្រូវចំណាយប្រាក់ប៉ុន្មាន ដើម្បីអនុវត្តកិច្ចការទាំងនេះ៕