ក្រុមអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសន្និដ្ឋានថា ប្រទេសកូរ៉េខាងជើងកំពុងពង្រីកកន្លែងផលិតអាវុធសំខាន់ៗ ដែលប្រមូលផ្តុំនូវប្រភេទមីស៊ីលរយៈចម្ងាយខ្លី ដែលរុស្ស៊ីប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន។
រោងចក្រនេះត្រូវបានគេស្គាល់ថា ជារោងចក្រ 11 កុម្ភៈ (February 11) គឺជាផ្នែកមួយនៃរោងចក្រ Ryongsong Machine Complex នៅទីក្រុង Hamhung ជាទីក្រុងធំទី២ របស់កូរ៉េខាងជើង ដែលស្ថិតនៅឆ្នេរភាគខាងកើតរបស់ប្រទេស។
លោក Sam Lair សហការីស្រាវជ្រាវនៅមជ្ឈមណ្ឌល James Martin សម្រាប់ការសិក្សាមិនរីកសាយភាយ (CNS) ដែលមានទីតាំងនៅវិទ្យាស្ថាន Middlebury Institute of International Studies នៅទីក្រុង Monterey ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា បាននិយាយថា រោងចក្រនេះ គឺជារោងចក្រតែមួយគត់ ដែលគេដឹងថា ផលិតមីស៊ីលបាលីស្ទិកដើរដោយឥន្ធនៈរឹងប្រភេទ Hwasong-11។
មន្ត្រីអ៊ុយក្រែនបាននិយាយថា គ្រាប់បែកទាំងនេះ ដែលត្រូវបានគេស្គាល់ថា KN-23 នៅភាគខាងលិច ត្រូវបានប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ី ក្នុងការវាយលុករបស់ពួកគេ លើអ៊ុយក្រែន។ ការពង្រីកអគារនេះមិនត្រូវបានរាយការណ៍ពីមុនមកទេ។
គួរបញ្ជាក់ថា ទាំងទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាងបានបដិសេធថា កូរ៉េខាងជើងមិនបានផ្ទេរសព្វាវុធឲ្យរុស្ស៊ីប្រើប្រឆាំងនឹងអ៊ុយក្រែន ដែលខ្លួនបានលុកលុយកាលពីខែកុម្ភៈ ឆ្នាំ២០២២។ រុស្ស៊ី និងកូរ៉េខាងជើងបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក នៅក្នុងកិច្ចប្រជុំកំពូល កាលពីខែមិថុនា ហើយបានសន្យាលើកកម្ពស់ទំនាក់ទំនងយោធារបស់ពួកគេ។
បេសកកម្មរបស់កូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ (UN) មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធឹនឹងការលើកឡើងនេះឡើយ៕


