ប៉ាគីស្ថាន៖ មនុស្សរាប់រយនាក់ភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន នៅតែបន្តនាំគ្នាតវ៉ាកាលពីថ្ងៃអាទិត្យជុំវិញការបិទព្រំដែន Chaman ឆ្លងកាត់រវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។ កងកម្លាំងរក្សាសន្តិសុខបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ខណៈពួកគេបានប៉ះទង្គិចជាមួយជនជាតិអាហ្វហ្គានីស្ថានដែលចង់ចូលទៅអាហ្វហ្គានីស្ថានពីប៉ាគីស្ថាន ដែលបានតបតវិញដោយការគុបដុំថ្ម។
ច្រកឆ្លងកាត់ព្រំដែនដ៏សំខាន់នេះត្រូវបានបិទដោយក្រុមតាលីបង់ចាប់តាំងពីថ្ងៃទី៥ ខែតុលាមក។ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកនឹងនៅតែបើកច្រកជាមួយអាហ្វហ្គានីស្ថាន ២៤ម៉ោងដើម្បីជួយគាំទ្រដល់វិស័យពាណិជ្ជកម្មទ្វេភាគី និងរដ្ឋាភិបាលថ្មីដឹកនាំដោយក្រុមតាលីបង់។ លោកក៏បានប្រកាសផងដែរថា ជំនួយមនុស្សធម៌ដែលមានទំហំទឹកប្រាក់ ៥ពាន់លានរ៉ូពី (rupees) ឬស្មើនឹងប្រមាណ ២៨០លានដុល្លារអាមេរិកសម្រាប់ជួយប្រទេសអាហ្វហ្គានីស្ថាន។
លោកថា ប្រទេសប៉ាគីស្ថានក៏នឹងព្យាយាមបន្តជើងហោះឡើងវិញដែរ ជាមួយរដ្ឋធានីកាប៊ុលដែលបានផ្អាកនៅក្នុងខែនេះ។ ចំណែកភាគីក្រុមតាលីបង់វិញកំពុងងាកទៅរកការរឹតបន្តឹងព្រំដែនរបស់អាហ្វហ្គានីស្ថាន ដោយការហ្វឹកហាត់នគរបាលឲ្យគ្រប់គ្រងព្រំដែនឆ្លងកាត់ទូទាំងប្រទេស។ ចំណាត់ការនេះកើតឡើងក្នុងពេលវេលាដ៏សំខាន់ ខណៈដែលក្រុមតាលីបង់ព្យាយាមពង្រឹងអំណាច និងកែប្រែក្រុមយុទ្ធជនទ័ពព្រៃរបស់ពួកគេទៅជាកងកម្លាំងនគរបាល និងកម្លាំងសន្តិសុខដែលមានរចនាសម្ព័ន្ធច្បាស់លាស់៕
អត្ថបទ៖ សុខមាន