មន្ត្រីសន្តិសុខជាន់ខ្ពស់រុស្ស៊ីលោក Sergei Shoigu បានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ដោយធានាថា ទីក្រុងមូស្គូនឹងដកក្រុមតាលីបង់ចេញពីបញ្ជីនៃអង្គការដែលត្រូវហាមឃាត់ ក្នុងពេលឆាប់ៗនេះ។
ចាប់តាំងពីក្រុមតាលីបង់ បានឡើងកាន់អំណាចនៅឆ្នាំ ២០២១ ដំណើរទស្សនកិច្ចរបស់មន្ត្រីបរទេស គឺមិនសូវមានទេ ដោយសារគ្មានប្រទេសណាមួយ បានទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាលនៃអតីតក្រុម បះបោរនេះ។
ការរឹតត្បិតរបស់រដ្ឋាភិបាលតាលីបង់លើស្ត្រី បានធ្វើឲ្យពួកគេមានភាពឯកោ នៅក្នុងបណ្តាប្រទេសលោកខាងលិច ប៉ុន្តែទីក្រុងកាប៊ុល កំពុងបង្កើនទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ក្នុងតំបន់របស់ខ្លួន ដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ។
លោក Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានជួបក្រុមមន្ត្រីអាហ្វហ្គានីស្ថាន នៅទីក្រុង កាប៊ុល ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច លោក អាប់ឌុល ហ្គានី បារ៉ាដា(Abdul Ghani Baradar)។
ការិយាល័យរបស់លោក បារ៉ាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា លោកបានបង្ហាញពីចំណាប់អារម្មណ៍របស់រុស្ស៊ី ក្នុងការបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយប្រទេសអាហ្វហ្គានីស្ថាន។
លោក Shoigu ក៏បានប្រកាសថា ដើម្បីពង្រីកទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឈ្មោះរបស់រដ្ឋឥស្លាមនេះ នឹងត្រូវដកចេញពីបញ្ជីខ្មៅរបស់រុស្ស៊ី ក្នុងពេលឆាប់ៗនេះ»។

