អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte នាថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា) នេះ បានបដិសេធថា លោកស្រីមិនបានរៀបគម្រោងសម្លាប់ប្រធានាធិបតី លោក Ferdinand Marcos ដោយនិយាយថា ការអត្ថាធិប្បាយរបស់លោកស្រី ដែលបង្កឲ្យមានការស៊ើបអង្កេតរបស់រដ្ឋាភិបាលនោះ គ្រាន់តែជាការបង្ហាញឲ្យឃើញពី «ការស្រងាកចិត្ត» ជាមួយអតីតសម្ព័ន្ធមិត្តតែប៉ុណ្ណោះ។
ក្រសួងយុត្តិធម៌របស់ប្រទេស កាលពីថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) បានហៅលោកស្រី Duterte ថា ជា «មេគំនិតដែលសារភាពដោយខ្លួនឯង» ពីការមានគម្រោងផែនការធ្វើឃាតប្រធានាធិបតី ហើយបានចេញដីកាកោះហៅ ដែលតម្រូវឲ្យលោកស្រីបង្ហាញខ្លួន នៅក្នុងការស៊ើបអង្កេតជាផ្លូវការ។
ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីលោកស្រី Duterte ប្រាប់អ្នកសារព័ត៌មានថា លោកស្រីបានណែនាំសមាជិកក្រុមសន្តិសុខម្នាក់របស់លោកស្រីឲ្យសម្លាប់លោក Marcos ភរិយារបស់លោក គឺលោកស្រី Liza Araneta-Marcos និងបងប្អូនជីដូនមួយរបស់លោក គឺលោក Martin Romualdez ប្រសិនបើតាមការចោទប្រកាន់ ការធ្វើឃាតលើរូបលោកស្រី សម្រេចបាន។
ប៉ុន្តែនៅថ្ងៃអង្គារនេះ លោកស្រី Duterte ហាក់ដូចជាក្រឡាស់ការអត្ថាធិប្បាយទាំងនោះវិញ ដោយពណ៌នាការលើកឡើងនោះថា ជាការបង្ហាញពី «ការស្រងាកចិត្ត» ចំពោះ «ភាពបរាជ័យ ក្នុងការបម្រើប្រជាជនហ្វីលីពីន ខណៈធ្វើទុក្ខបុកម្នេញគូប្រជែងខាងនយោបាយយ៉ាងខ្លាំងក្លា»។ ហើយជាមួយគ្នានេះ លោកស្រីក៏បាននិយាយផងដែរថា ការចោទប្រកាន់រៀបគម្រោងធ្វើឃាតរបស់រដ្ឋាភិបាលនេះ គឺជារឿង «គួរឲ្យអស់សំណើច»៕