ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)នៅថ្ងៃអង្គារនេះ បានបង្ហាញក្តីកង្វល់យ៉ាងខ្លាំងចំពោះការកើនឡើងកម្តៅជម្លោះនៅក្នុងប្រទេសលីបង់ ជាទីដែលការិយាល័យរបស់លោកនិយាយថា មនុស្សជិត ១០០នាក់ ត្រូវគេរាយការណ៍ថា ត្រូវបានសម្លាប់ដោយការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រួមទាំងស្រ្តី កុមារ និងគ្រូពេទ្យផងដែរ ។
អ៊ីស្រាអែល បានជាប់ធ្វើសង្រ្គាមជាមួយក្រុមប្រដាប់អាវុធហេសបូឡាលីបង់ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣រហូតមក ហើយសង្រ្គាមបានឡើងកម្តៅកាន់តែខ្លាំង ចាប់តាំងពីចុងខែកញ្ញា ឆ្នាំនេះ ។
លោក Jeremy Laurence គឺជាអ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស UN និយាយប្រាប់សន្និសីទសារព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសថា លោកប្រធានសិទ្ធិមនុស្ស UN លោក Volker Turk បានបង្ហាញក្តីកង្វល់ជាពន់ពេកចំពោះការឡើងកម្តៅភាពតានតឹងនៅលីបង់ ពេលដែលមានសេចក្តីរាយការណ៍ថា មនុស្សយ៉ាងហោច ៩៧នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែលចន្លោះថ្ងៃទី ២២ និងថ្ងៃទី ២៤ ខែវិច្ឆិកានេះ ។
លោកនិយាយថា ពេទ្យបឋមយ៉ាងហោច ៧នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ៣លើករបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ នៅថ្ងៃទី ២២ និងថ្ងៃទី ២៣ ខែវិច្ឆិកា បន្ថែមពីលើការស្លាប់របស់ក្រុមការងារថែទាំសុខភាព ២២៦នាក់ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣រហូតមក ។
អ៊ីស្រាអែល និយាយថា ពួកគេមានគោលដៅលើលសមត្ថភាពយោធានៅក្នុងប្រទេសលីបង់ និងតំបន់ហ្កាហ្សា ហើយនិងចាត់វិធានការកាត់បន្ថយហានិភាពនៃការធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល ។ ពួកគេបានចោទប្រកាន់ក្រុមហេសបូឡា ដូចគ្នានឹងក្រុមហាម៉ាស់ ថាបានលាក់ខ្លួននៅក្នុងចំណោមជនស៊ីវិល គឺជាការចោទប្រកាន់មួយដែលពួកគេបានធ្វើការច្រានចោលទាំងស្រុង ៕