ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្តហូឡង់ Max Verstappen បានបន្ថែមពិន្ទុនាំមុខក្នុងតារាងជើងឯកពិភពលោកពីលើ Lewis Hamilton ក្រោយឈ្នះការប្រកួត F1 នៅទឹកដីសហរដ្ឋអាមេរិក។ ថ្វីបើកីឡាកររបស់ក្រុម Red Bull, Max Verstappen ជាអ្នកឈ្នះកាលពីថ្ងៃសៅរ៍ក្នុងប្រណាំងយកទីចេញដំណើរ តែ Lewis Hamilton ជាអ្នកចាប់ផ្តើមបានល្អជាងនៅពេលចេញដំណើរដោយឡើងនាំមុខគេ។

តែការនាំមុខរបស់កីឡាករក្រុម Mercedes រូបនេះមិនបានយូរឡើយដោយ Verstappen នាំមុខវិញនៅពេលផ្លាស់ប្តូរកង់នៃ Pit Stop ទី១ និងបន្តការនាំមុខរហូតបញ្ចប់ការប្រកួតនៅចំពោះមុខ Lewis Hamilton ដែលចេញពីក្រោយប្រកៀកប្រកិត។ លេខ៣ ក្នុងការប្រកួតបានទៅកីឡាកររបស់ Red Bull មួយរូបទៀត Sergio Perez ខណៈលេខ៤ Charles Leclerc របស់ Ferrari។ សរុបពិន្ទុនៅពេលនេះ Max Verstappen ឡើងនាំមុខដាច់ Hamilton ១២ពិន្ទុ។ ការប្រកួតនៅទីក្រុង Austin រដ្ឋតិចសាចនេះមានអ្នកគាំទ្រចូលទស្សនាប្រមាណ ១៤ម៉ឺននាក់ បន្ទាប់ពីអវត្តមានឆ្នាំ២០២០ កន្លងទៅដោយសារវិបត្តិកូវីដ-១៩។ បន្ទាប់ពីសហរដ្ឋអាមេរិក F1 នឹងបន្តដំណើរទៅប្រទេសក្បែរខាងម៉ិកស៊ិកថ្ងៃទី៨ ខែវិច្ឆិកា៕
អត្ថបទ៖នាង សុភាវុធ