ប្រធានាធិបតីទួរគី លោក Tayyip Erdogan នៅថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា) នេះ បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយគ្រប់មធ្យោបាយទាំងអស់ដែលអាចធ្វើទៅបាន ដើម្បីបង្កើតបានបទឈប់បាញ់យូរអង្វែង នៅតំបន់ហ្កាហ្សា ហើយបានសម្តែងការពេញចិត្ត ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមាន នៅក្នុងប្រទេសលីបង់។
គួរបញ្ជាក់ថា ប្រទេសទួរគី ដែលបានរិះគន់យ៉ាងខ្លាំងក្លា ចំពោះការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា និងប្រទេសលីបង់ បាននិយាយនៅមុននេះថា ខ្លួនបានពិភាក្សាអំពីបទឈប់បាញ់ដែលអាចកើតមាននៅតំបន់ហ្កាហ្សាជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងបានផ្តល់អនុសាសន៍ដល់ក្រុមនេះ អំពីរបៀបបន្តដំណើរការចរចា។
កាលពីថ្ងៃអង្គារ (ទី២៧ ខែវិច្ឆិកា) ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា សហរដ្ឋអាមេរិក នឹងជំរុញម្តងទៀត ដើម្បីឲ្យមានបទឈប់បាញ់ដែលពិបាកនឹងកើតឡើង នៅដែនដីហ្កាហ្សារបស់ប៉ាឡេស្ទីន «ជាមួយទួរគី អេហ្ស៊ីប កាតា អ៊ីស្រាអែល និងប្រទេសដទៃទៀត»។
លោក Erdogan បានប្រាប់សមាជិកនៃគណបក្សកំពុងកាន់អំណាច AK របស់លោក នៅក្នុងសភាថា៖ «យើងកំពុងបញ្ជាក់ថា ក្នុងនាមប្រទេសទួរគី យើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់វិភាគទានណាមួយ ដើម្បីឲ្យការសម្លាប់រង្គាល នៅតំបន់ហ្កាហ្សា ត្រូវបានបញ្ចប់ និងដើម្បីឲ្យបទឈប់បាញ់ដ៏យូរអង្វែងមួយត្រូវសម្រេចបាន»។
នៅពេលត្រូវបានសួរអំពីការលើកឡើងរបស់លោក Biden មន្ត្រីទួរគី បានប្រាប់សារព័ត៌មាន Reuters ថា បទឈប់បាញ់ នៅប្រទេសលីបង់ ដោយគ្មានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា គឺមិនគ្រប់គ្រាន់នោះឡើយ ដើម្បីសម្រេចបាននូវស្ថិរភាព ក្នុងតំបន់ ដោយបន្ថែមថា ទីក្រុងអង់ការ៉ាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយឲ្យបានឈានដល់កិច្ចព្រមព្រៀង នៅតំបន់ហ្កាហ្សា ដូចដែលខ្លួនបានគាំទ្រកិច្ចខិតខំប្រឹងប្រែងកាលពីពេលមុន៕