មន្ត្រីអាមេរិកម្នាក់ដែលដឹងអំពីផែនការ បាននិយាយកាលពីថ្ងៃពុធ ទី២៧ វិច្ឆិកាថា រដ្ឋបាលរបស់លោក Biden កំពុងជំរុញឆ្ពោះទៅរកកញ្ចប់លក់អាវុធតម្លៃ ៦៨០ លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ទោះបី ជា បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅប្រទេសលីបង់ រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់ បានចូលជាធរមានក៏ដោយ។

កញ្ចប់ ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន The Financial Times រួមមានគ្រាប់បែកទម្លាក់ពីលើអាកាសJDAMរាប់ពាន់គ្រាប់ និងគ្រាប់បែកខ្នាតតូចរាប់រយគ្រាប់ទៀត នេះបើយោងតាមមន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

ព័ត៌មាននេះមានឡើង មិនដល់មួយថ្ងៃនោះទេបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ បានបញ្ចប់ការប្រឈមមុខដាក់គ្នាដ៏បង្ហូរឈាមបំផុតក្នុងរយៈពេលជាច្រើនឆ្នាំរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់។
ទោះជាយ៉ាងណា អ៊ីស្រាអែលនៅតែប្រយុទ្ធប្រឆាំងនឹងសត្រូវដទៃទៀតរបស់ខ្លួន គឺក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។
សារព័ត៌មានReuters បានរាយការណ៍កាលពី ខែ មិថុនា ថា ទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្ត និងជាអ្នកផ្គត់ផ្គង់សព្វាវុធច្រើនបំផុតរបស់អ៊ីស្រាអែល បានបញ្ជូនគ្រាប់បែកទម្ងន់២.០០០ផោន មានកម្រិតបំផ្លាញខ្ពស់ចំនួន១០.០០០គ្រាប់ និងមីស៊ីល Hellfire រាប់ពាន់គ្រាប់ ទៅឲ្យអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម នៅតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ ២០២៣។