ប្រទេសចិន បានព្រមានកោះតៃវ៉ាន់ កាលពីថ្ងៃពុធ (២៧ វិច្ឆិកា) ប្រឆាំងនឹង "ការស្វែងរកឯករាជ្យ" ដោយមានជំនួយពីកងកម្លាំងខាងក្រៅ ដើម្បីឆ្លើយតបទៅនឹងការធ្វើដំណើរនាពេលខាងមុខរបស់មេដឹកនាំកោះ លោក Lai Ching-te ទៅកាន់តំបន់ប៉ាស៊ីហ្វិក និងការធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកដែលបានគ្រោងទុក។

គួរបញ្ជាក់ថា លោក Lai នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់សម្ព័ន្ធមិត្តការទូតចំនួនបីរបស់ទីក្រុងតៃប៉ិ នៅប៉ាស៊ីហ្វិកនៅថ្ងៃសៅរ៍ (៣០ វិច្ឆិកា) ដែលបញ្ចប់នៅថ្ងៃទី០៦ ខែធ្នូ ហើយប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា លោកកំពុងរៀបចំផែនការឈប់សំចតនៅកោះ Hawaii ហើយប្រហែលជាទឹកដីអាមេរិកនៃកោះហ្គាំ ( Guam) នៅក្នុងដំណើរដ៏រសើបមួយ បន្ទាប់ពីការបោះឆ្នោតរអាមេរិក។

អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន លោក Chen Binhua កាលពីថ្ងៃពុធ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក "គោរពតាមគោលការណ៍ចិនតែមួយ" និងបញ្ឈប់ការបញ្ជូន "សញ្ញាខុស" ទៅកាន់ "កងកម្លាំង" ដែលស្វែងរកឯករាជ្យភាពតៃវ៉ាន់។

ប្រទេសចិន ចាត់ទុកតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយកោះស្វ័យគ្រប់គ្រងមួយនេះជាបញ្ហាសំខាន់បំផុតក្នុងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈទីក្រុងប៉េកាំង មិនពេញចិត្តយ៉ាងខ្លាំងចំពោះការគាំទ្ររបស់អាមេរិក ដល់ទីក្រុងតៃប៉ិ ហើយហៅលោក Lai ថាជា "ជនផ្ដាច់ខ្លួន"៕