ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ (២៧ វិច្ឆិកា) ថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់កន្លែងឈរជើងនៃទីប្រជុំជន ណូវ៉ា អ៊ីលលីនកា (Nova Illinka) ជិតនឹងទីក្រុង គូរ៉ាខូវ (Kurakhove) តំបន់ ដូណិត (Donetsk) នៃភាគខាងកើតអ៊ុយក្រែន។

យោធាអ៊ុយក្រែន មិនបានលើកពីតំបន់ Nova Illinka នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនទេ ប៉ុន្តែប្លុកសង្រ្គាមដ៏ពេញនិយមរបស់អ៊ុយក្រែន Deep State ដែលតាមដានការចល័តរបស់កងកម្លាំងប្រដាប់អាវុធ បាននិយាយកាលពីជាងមួយសប្តាហ៍មុនថា ទីប្រជុំជន Nova Illinka បានធ្លាក់ចូលទៅក្នុងដៃរបស់រុស្ស៊ីហើយ។

ទីប្រជុំជននេះស្ថិតនៅទល់មុខច្រាំងទន្លេនៃអាងស្តុកទឹកពីទីក្រុង Kurakhove ដែលជាចំណុចស្នូលមួយនៃការវាយរុលឥតឈប់ឈរឆ្លងកាត់តំបន់ Donetsk ដោយកងកម្លាំងរុស្ស៊ី។ ទីក្រុង Kurakhove និង Pokrovsk នៅចុងភាគខាងជើងក្នុងតំបន់ Donetsk គឺជាគោលដៅជាក់ស្តែងបន្ទាប់នៃការវាយរុលរបស់កងកម្លាំងទីក្រុងមូស្គូ។

អ្នកវិភាគ និងអ្នកសរសេរប្លុកសង្គ្រាមនិយាយថា កងកម្លាំងរុស្ស៊ីកំពុងវាយរុលនៅភាគខាងកើតអ៊ុយក្រែន ក្នុងអត្រាដ៏លឿនបំផុត ចាប់តាំងពីថ្ងៃដំបូងនៃប្រតិបត្តិការយោធាពិសេសខែកុម្ភៈ ឆ្នាំ២០២២ របស់ខ្លួន ដោយដណ្ដើមយកភូមិជាបន្តបន្ទាប់៕