ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Amos Hochstein និយាយថា បទឈប់បាញ់ដែលបានព្រមព្រៀងនៅប្រទេសលីបង់ គឺអចិន្រ្តៃយ៍ ហើយនិងមិនមែនមានរយៈពេលត្រឹមតែ ៦០ថ្ងៃនោះទេ ។
អំឡុងបទសម្ភាសន៍ផ្តាច់មុខជាមួយកាសែត Al Jazeera លោក Hochstein ពន្យល់ថា ទាហានអ៊ីស្រាអែលដែលបច្ចុប្បន្នមានមូលដ្ឋាននៅតំបន់ភាគខាងត្បូងលីបង់ នឹងត្រូវចាកចេញក្នុងរយៈពេល ៦០ថ្ងៃក្រោយ ខណៈដែលការផ្ទុះអាវុធទាំងអស់ ត្រូវបញ្ឈប់ចាប់ពីវេលាម៉ោង ៤ព្រឹកទាបភ្លឺម៉ោងក្នុងស្រុកថ្ងៃពុធតទៅ ។
លោក Hochstein ដែលជាអ្នកចរចាកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បន្តថា ការអនុវត្តសំណើឲ្យមានប្រសិទ្ធិភាព គឺល្អជាជាងការអនុវត្តវាឆាប់រហ័ស ។
លោកនិយាយនៅក្រៅសេតវិមានថា អ្វីដែលពួកយើងមិនចង់បាន គឺរឿងកើតឡើងច្រំដែលកាលពីឆ្នាំ ២០០៦ ពេលដែលសង្រ្គាមបានបញ្ចប់ តែគ្មានការអនុវត្តកិច្ចព្រមព្រៀងដែលនាំឲ្យពួកយើងធ្លាក់ទៅក្នុងសង្រ្គាមដែលពួកយើងមាននៅឆ្នាំនេះ ហើយនិងការបាត់បង់អាយុជីវិតជាសោកនាដកម្មនៅភាគីទាំងអស់ ។
សំណើបទឈប់បាញ់នេះ អំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការសឹកទាំងអស់លើទឹកដីលីបង់ រួមទាំងការវាយប្រហារលើគោលដៅជនស៊ីវិល និងយោធា ក៏ដូចជាស្ថាប័នរដ្ឋលីបង់ តាមជើងគោក ជើងទឹក និងច្រកអាកាស ។
ដោយឡែក ក្រុមប្រដាប់អាវុធទាំងអស់នៅក្នុងប្រទេសលីបង់ រួមទាំងក្រុមហេសបូឡា និងសម្ព័ន្ធមិត្តរបស់ពួកគេ ត្រូវតែបញ្ឈប់ដូចគ្នាប្រតិបត្តិការសឹករបស់ពួកគេប្រឆាំងនឹងអ៊ីស្រាអែល ៕

