រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាជី (Abbas Araghchi) បានប្រកាសនៅឯវេទិកាសម្ព័ន្ធអរិយធម៌របស់អង្គការសហប្រជាជាតិ នៅទីក្រុង Cascais ប្រទេសព័រទុយហ្គាល់ថា អ៊ីរ៉ង់មិនស្វែងរកការប្រឈមមុខដោយផ្ទាល់ ជាមួយអ៊ីស្រាអែលទេ ប៉ុន្តែខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយពីរដ្ឋជ្វីហ្វ ដែលអាចកើនឡើងដល់សង្រ្គាមពេញបន្ទុក។
លោក អាបាស អារ៉ាជី បានប្រាប់សារព័ត៌មានព័រទុយហ្គាល់ Diario de Noticiasថា៖«យើងត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាម ទោះបីជាសង្គ្រាមទ្រង់ទ្រាយធំមួយក៏ដោយ ប៉ុន្តែយើងមិនមានបំណងធ្វើសង្គ្រាមទេ។«ប្រសិនបើអ៊ីស្រាអែលជ្រើសរើសផ្លូវនៃសង្រ្គាម យើងបានត្រៀមខ្លួនយ៉ាងពេញលេញ»។
លោក អារ៉ាជី បានសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា គឺជាការទទួលខុសត្រូវចម្បងរបស់សហរដ្ឋអាមេរិក។ លោកបាននិយាយថា៖«កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អំពើឃោរឃៅរបស់អ៊ីស្រា អែ ល នៅក្នុងតំបន់ រួមទាំងការសម្លាប់រង្គាល នៅក្នុងប្រទេសលីបង់ និងកន្លែងផ្សេងទៀត គួរតែត្រូវបានស្វាគមន៍» ដោយបន្ថែមថា លោកជឿថា «អ៊ីស្រាអែលកំពុងព្យាយាមទាញតំបន់ទាំងមូល ឲ្យចូលទៅក្នុង សង្រ្គាមពេញទំហឹង។
អ្នកការទូតរូបនេះ ក៏បាន «ច្រានចោលការអះអាងដែលថា ចលនាហេសបូឡាស៊ីអ៊ីត ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ត្រូវបានចុះខ្សោយ បន្ទាប់ពីមានការប្រយុទ្ធគ្នាពីរខែ នៅភាគខាងត្បូងប្រទេសលីបង់។ លោកបាននិយាយថា៖«ប្រសិនបើវាត្រូវបានចុះខ្សោយ ខ្ញុំមិនគិតថា អ៊ីស្រាអែលនឹងយល់ព្រមលើបទឈប់បាញ់នោះទេ។ វាច្បាស់ណាស់ថា ក្រុមហេសបូឡា អាចប្រមូលផ្តុំនិងទប់ទល់នៅភាគខាងត្បូងលីបង់ នៅពេលការប្រឈមមុខនឹងកងកម្លាំងអ៊ីស្រាអែល»។

