ប្រទេសអូស្ត្រាលី បានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ (២៨ វិច្ឆិកា) នូវការហាមប្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៦ឆ្នាំ បន្ទាប់ពីការជជែកដេញដោលដ៏តានតឹងដែលបានគ្រប់ដណ្ដប់ប្រទេស ដោយនេះជាការកំណត់ស្តង់ដារសម្រាប់យុត្តាធិការជុំវិញពិភពលោក ជាមួយនឹងបទប្បញ្ញត្តិដ៏តឹងតែងបំផុតមួយសំដៅលើបណ្ដាញសង្គមខ្នាតយក្ស។

ច្បាប់នេះបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន រាប់ចាប់ពីម្ចាស់វេទិកា Instagram និង Facebook គឺក្រុមហ៊ុន Meta ទៅដល់បណ្ដាញវីដេអូខ្លី TikTok ឱ្យបញ្ឈប់អនីតិជនមិនឱ្យចូលប្រើប្រាស់បណ្ដាញសង្គមទាំងនេះទេ បើមិនដូច្នេះនឹងប្រឈមការផាកពិន័យរហូតដល់ ៤៩,៥លានដុល្លារអូស្ត្រាលី (៣២ លានដុល្លារអាមេរិក)។ ការសាកល្បងនៃវិធីសាស្រ្តដើម្បីអនុវត្តបម្រាមនេះ នឹងចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៥ ជាមួយនឹងការហាមឃាត់ពិតប្រាកដនឹងចូលជាធរមានក្នុងពេលមួយឆ្នាំ។

សំណើច្បាប់ដែលមានឈ្មោះថា អាយុអប្បបរមាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម (SMMA) មួយនេះ បានដាក់អូស្ត្រាលី ក្នុងការសាកល្បងសម្រាប់រដ្ឋាភិបាលមួយចំនួនដែលបានចងក្រងច្បាប់ ឬគ្រោងនឹងបង្កើតច្បាប់រឹតបន្តឹងអាយុបែបនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ស្របពេលមានការព្រួយបារម្ភពីផលប៉ះពាល់សុខភាពផ្លូវចិត្តទៅលើយុវវ័យ។

ប្រទេសជាច្រើនរួមទាំងបារាំង និងបណ្ដារដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ក៏បានអនុម័តច្បាប់រឹតបន្តឹងការប្រើប្រាស់បណ្ដាញសង្គមសម្រាប់អនីតិជនដោយគ្មានការអនុញ្ញាតពីឪពុកម្តាយផងដែរ ប៉ុន្តែបម្រាមរបស់អូស្ត្រាលីនេះគឺដាច់ខាតខ្លាំងបំផុត៕