លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីប្រកាសចូលកាន់ មុខតំណែងមន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងបានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់លើវិស័យសុខាភិបាលកម្ពុជា ។
លោកជំទាវ បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរសុខាភិបាលទាំង អស់ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងបានជំរុញមន្ត្រីរាជការមន្ទីរសុខាភិបាលទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួម សហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យល្អ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបាន ល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកជំទាវ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជា ពលរដ្ឋ ដោយបច្ចុប្បន្ននេះ បានខិតខំជំរុញលើកកម្ពស់វិស័យនេះឱ្យមានការរីកចម្រើន ពង្រីកធនធានមនុស្ស ពិសេសគឺពង្រីកមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពនៅតាមបណ្តាឃុំ/សង្កាត់បន្ថែមជាច្រើន ដូច្នេះបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួនបន្ថែម ទៀត ដើម្បីផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
សូមបញ្ជាក់ថា ក្នុងពិធីប្រកាសមុខតំណែងនេះ គឺបានសម្រេចផ្ទេរភារកិច្ច ១- វេជ្ជបណ្ឌិត កឹម សំណាង ពីប្រធានមន្ទីរពេទ្យបង្អែកខេត្ត ទៅកាន់មុខតំណែងប្រធានការិយាល័យនិយ័តកម្មសុខាភិបាល ជំនួសដោយវេជ្ជបណ្ឌិត លី មករា និងបញ្ចប់ភារកិច្ចលោក ង៉ុច សេងធួន ពីប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ ឱ្យមកជាមន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែក និងលោកស្រី ហ៊ឹម សានិត ត្រូវបានប្រកាស ឱ្យកាន់មុខតំណែងជាប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃមន្ទីរសុខាភិបាលខេត្ត ៕ អត្ថបទ៖ វ៉ាន់