ដោយបញ្ជាក់ពីរបាយការណ៍ព័ត៌មានមួយ ប្រភពចំនួន ២ នៅថ្ងៃសុក្រ (ទី២៩ ខែវិច្ឆិកា) នេះ បានប្រាប់សារព័ត៌មាន Reuters ថា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ចង់ទិញនាវាមុជទឹកចំនួន ៤គ្រឿង នៅក្នុងកិច្ចព្រមព្រៀងតម្លៃជាង ៤,៧ពាន់លានអឺរ៉ូ (៥ពាន់លានដុល្លារ) ដែលនឹងតម្រូវឲ្យមានការអនុម័តពីគណៈកម្មាធិការចំណាយរបស់សភា។
ទស្សនាវដ្តីព័ត៌មាន Spiegel ដែលបានឃើញឯកសារដាក់ជូនគណៈកម្មាធិការ បានរាយការណ៍ថា ក្នុងសំណើនោះ ក្រសួងលើកឡើងថា ការទិញនេះ គឺត្រូវការជាចាំបាច់ ដើម្បីឲ្យប្រទេសអាល្លឺម៉ង់បំពេញតម្រូវការថ្មីរបស់អង្គការណាតូ ពោលគឺធ្វើឲ្យការការពារកាន់តែប្រសើរឡើងនៅព្រំដែនផ្នែកខាងជើងរបស់សម្ព័ន្ធភាព។
ប្រភពបានប្រាប់សារព័ត៌មាន Reuters ថា ក្រសួងកំពុងស្វែងរកការទិញនាវាមុជទឹក Type 212CD ចំនួន ៤គ្រឿងបន្ថែមទៀតដែលត្រូវបានផលិតដោយក្រុមហ៊ុន Thyssenkrupp Marine Systems។ ក្រុមហ៊ុន Thyssenkrupp មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
យ៉ាងណាក្ដី ដោយមិនផ្តល់ព័ត៌មានលម្អិតអំពីគម្រោងជាក់លាក់ណាមួយនោះ ក្រសួងការពារជាតិ បានបញ្ជាក់ថា ការពិភាក្សារបស់សភាដែលកំពុងបន្តមាន អំពីមូលនិធិ សម្រាប់លទ្ធកម្មការពារជាតិបន្ថែមទៀត គឺ «ល្អប្រសើរ និងប្រកបដោយការស្ថាបនា»៕