ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសុងខ្លា ស្ថិតនៅភាគខាងត្បូងប្រទេសថៃ បន្តជម្លៀសខ្លួនកាលពីថ្ងៃសៅរ៍ ស្របពេលក្រុមជួយសង្រ្គោះ ធ្វើការចែកចាយជំនួយ និងគ្រឿងផ្គត់ផ្គង់ ពេលដែលទឹកជំនន់បន្តជន់លិចតំបន់រយៈពេល ៤ថ្ងៃជាប់ៗគ្នា ។
ក្រសួងបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយកាលថ្ងៃសៅរ៍ថា ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅតំបន់ភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់ ៩នាក់ ។
ក្រសួងបន្ត ប្រជាពលរដ្ឋប្រហែល ៥៥ម៉ឺនគ្រួសារ បានរងផលប៉ះពាល់ ហើយមនុស្ស ១៣.០២៩នាក់ ត្រូវបានជម្លៀសចេញទៅកាន់ទីជម្រកបណ្តោះអាសន្នចំនួន ២០០ នៅទូទាំងខេត្តភាគខាងត្បូងមួយនេះ ។
លោក Sitthichai Keawrad គឺជាម្ចាស់ហាងបោះពុម្ភមួយកន្លែងនៅខេត្តសុងខ្លា និយាយថា ទឹកជំនន់មកលឿនខ្លាំងណាស់នៅវេលាម៉ោង ៤ និង ៣០នាទីព្រឹក ហើយពួកយើងពុំអាចប្រមូលរបស់របរទាន់ពេលនោះទេ ។ ការខូចខាតរួមទាំងកុំព្យូទ័រ និងតុ ពួកយើងមិនអាចលើកទៅកាន់កន្លែងខ្ពស់បានទេ ។
ក្រសួងឧតុនិយមថៃ បានធ្វើការព្រមានពីភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ទឹកដ៏គំហក់ និងរលកទឹកកម្ពស់រហូតដល់ ៣ម៉ែត្រ នៅទូទាំងខេត្តភាគខាងត្បូងចំនួន ៩ ដោយសារខ្យល់មូសុងខ្លាំង ៕


