លើកទម្ងន់៖ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានលើកឡើងថា ការបិទខ្ទប់ប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោរយៈពេលជិត ១ខែកន្លងមក សហព័ន្ធបានសង្កេតឃើញកីឡាករ-កីឡាការិនីមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បន្ទាប់ពីមានការយកចិត្តទុកដាក់ ការស្នាក់នៅ និងការហូបចុកគ្រប់គ្រាន់។

លោកបន្ដថា ក្នុងការហ្វឹកហាត់តាម Zoom កន្លងមក កីឡាករបានលើកល្អប្រសើរក្នុងការអនុវត្តនូវបច្ចេកទេស ទោះបីកីឡាករលើកទម្ងន់នេះមានឧបសគ្គធំគឺការប្រើប្រាស់កម្លាំងក៏ដោយ។ តែក្រោយការបិទខ្ទប់ហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ គ្រូបង្វឹកបានធ្វើការកែតម្រូវចំណុចខ្វះខាតមួយចំនួនធ្វើឲ្យពួកគេកាន់តែរីកចម្រើន។ អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ក្រៅពីការប្រមូលផ្ដុំបិទខ្ទប់ ដោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ សហព័ន្ធក៏ត្រៀមបញ្ជូនអត្តពលិករបស់ខ្លួន ៥នាក់ទៅហ្វឹកហាត់នៅចិននាពេលខាងមុខ តាមរយៈគណៈកម្មាធិការជាតិ CAMSOC ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា និងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗទៀតផងដែរ៕
អត្ថបទ៖ លី ឈុនឡា