ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ បាននិយាយថា ខ្លួនកំពុងជួយកងទ័ពស៊ីរី «វាយបក»ទៅលើក្រុមបះបោរប្រដាប់អាវុធ នៅក្នុងខេត្តភាគខាងជើងចំនួនបី ខណៈដែលទីក្រុងមូស្គូស្វែងរកការគាំទ្ររដ្ឋាភិបាលដែលដឹកនាំដោយសម្ព័ន្ធមិត្តរបស់ខ្លួន គឺលោក បាសា អាល់ អាសាដ( Bashar al-Assad)។

សម្ព័ន្ធភាពសកម្មប្រយុទ្ធគ្រប់គ្រងដោយរដ្ឋឥស្លាម បានបើកការវាយលុកប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី កាលពីថ្ងៃពុធ ដោយកងកម្លាំងស៊ីរី បានបាត់បង់ការគ្រប់គ្រងទីក្រុងអាឡិបប៉ូ (Aleppo) កាលពីថ្ងៃអាទិត្យ។
យោធារុស្ស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅលើគេហទំព័ររបស់ខ្លួនថា៖«ដោយមានជំនួយពីកងកម្លាំងអាកាសរុស្ស៊ី កងទ័ពអារ៉ាប់ស៊ីរី កំពុងបន្តប្រតិបត្តិការរបស់ខ្លួន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ភេរវករ នៅក្នុងខេត្ត Idlib, Hama និង Aleppo»។
យោធានេះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដដែលនេះថា៖«កាលពីថ្ងៃសៅរ៍ ការវាយប្រហារដោយមីស៊ីល និងការទម្លាក់គ្រាប់បែក ត្រូវបានធ្វើឡើងនៅលើតាំង ដែលក្រុមសកម្មប្រយុទ្ធ និងឧបករណ៍ត្រូវបានប្រមូលផ្តុំ» ដោយពុំបានបញ្ជាក់ថា កន្លែងណា ឬគ្រប់គ្រងដោយនរណានោះទេ។ យោធារុស្ស៊ី បានអះអាងថា ជនសកម្មប្រយុទ្ធយ៉ាងតិច ៣២០នាក់ ត្រូវបានសម្លាប់។

រុស្ស៊ីបានប្រកាសកាលពីដើមសប្តាហ៍មុនថា ខ្លួនកំពុងទម្លាក់គ្រាប់បែកលើគោលដៅក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ដោយយន្តហោះចម្បាំងរុស្ស៊ី បានវាយប្រហារផ្នែកខ្លះនៃទីក្រុង Aleppo ដែលជាទីក្រុងទី២ របស់ប្រទេសស៊ីរី ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៦។ នេះបើយោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។