យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានស្ទាក់ចាប់មីស៊ីលបាលីស្ទីកដែលបានបាញ់ចេញពីប្រទេសយេម៉ែន មុនពេលវាចូលទៅក្នុងដែនអាកាសអ៊ីស្រាអែល។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលនេះ បានបង្កឲ្យមានសំឡេងស៊ីរ៉ែន នៅក្នុងទីក្រុង និងសហគមន៍ជាច្រើន នៅទូទាំងភាគកណ្តាលអ៊ីស្រាអែល។
ក្រុមប្រឹក្សាក្នុងតំបន់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បំណែកពីមីស៊ីល ឬឧបករណ៍ស្ទាក់ចាប់ បានធ្លាក់ក្នុងសួនកុមារនៃសាលាមត្តេយ្យមួយ នៅក្នុងភូមិ Tzur Hadassah ដែលជាសហគមន៍មួយនៅជិតទីក្រុងហ្ស៊េរុយសាឡឹម បានបណ្តាលឲ្យខូចខាតមួយចំនួន។
បំណែកមីស៊ីល ក៏បានធ្លាក់នៅក្នុងទីក្រុង Halhul ក្បែរទីក្រុង Hebron ក្នុងតំបន់វេសបែង(West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន។
ពុំមានអ្នករងរបួស ត្រូវបានគេរាយការណ៍ទេ។
មុននេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ួទី បានរាយការណ៍ថា ក្រុមនេះបានបាញ់រ៉ូកែតបាលីស្ទីកឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃអាទិត្យ។ អ្នកស្រុកនៅជិតទីក្រុងកំពង់ផែ Hodeidah នៃសមុទ្រក្រហមនៃប្រទេសយេម៉ែន បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពួកគេបានប្រទះឃើញគ្រាប់ រ៉ូកែតដ៏ធំមួយគ្រាប់ ដែលកំពុងហោះឆ្ពោះទៅភាគខាងជើង។