នគរបាលនៅប្រទេសអាហ្រ្វិកខាងត្បូង កំពុងជំរុញឲ្យអ្នករុករករ៉ែខុសច្បាប់រាប់រយនាក់ ដែលបានពួនលាក់ខ្លួនក្នុងអណ្តូងរ៉ែមាសបោះបង់ចោលរយៈពេលជាងមួយខែមកនេះ ឲ្យប្រគល់ខ្លួន។

ការជីកយករ៉ែខុសច្បាប់ កំពុងរីករាលដាលនៅប្រទេសអាហ្វ្រិកខាងត្បូងដែលសម្បូរដោយធនធាន។ ប្រាក់ចំណូលមួយចំនួន ត្រូវបានគេរាយការណ៍ថាត្រូវបានប្រើប្រាស់ដើម្បីផ្តល់មូលនិធិដល់អង្គការឧក្រិដ្ឋកម្ម។
ការប្រឈមមុខដាក់គ្នា នៅអណ្តូងរ៉ែដែលគេលែងប្រើ នៅតំបន់ Stilfontein ភាគខាងជើង នៅតែបន្តកើតមាន។

មន្ត្រីនគរបាល បានចុះហ៊ុមព័ទ្ធតំបន់នោះ ហើយកំពុងកំណត់បរិមាណអាហារ និងទឹកដែលត្រូវបញ្ជូនទៅឲ្យកម្មករ ដែលជាប់ខ្លួននៅក្រោមដីនៃអណ្តូងរ៉ែ។
កម្មករអណ្តូងរ៉ែភាគច្រើន ត្រូវបានគេជឿថាជាជនអន្តោប្រវេសន៍ខុសច្បាប់ មកពីប្រទេសជិតខាង ដែលចូលមកជីកយករ៉ែមាសនៅអណ្តូងរ៉ែនេះ។ រហូតមកដល់ពេលនេះ កម្មករជាង ១ពាន់នាក់បានប្រគល់ខ្លួន។ ប៉ុន្តែរាប់រយនាក់ទៀតត្រូវបានគេនិយាយថានៅក្រោមដី ហើយតាមសេចក្តីរាយការណ៍ថាពួកភ័យខ្លាចពីការចាប់ខ្លួន ឬនិរទេស។
បុរសបួននាក់មកពីប្រទេសម៉ូហ្សំាប៊ីក បានឡើងមកខាងលើកាលពីថ្ងៃចន្ទ ហើយពួកគេត្រូវបាននគរបាលសាកសួរភ្លាមៗ។ បុរសទាំងនោះ បានប្រាប់សារព័ត៌មាន NHK ថាពួកគេបានទទួលទានថ្នាំដុសធ្មេញ និងសត្វកន្លាត ដើម្បីរស់។
បុរសម្នាក់ក្នុងចំណោមបុរសទាំង៤ និយាយថា គាត់ធ្វើការយ៉ាងពិបាក ខណៈនៅក្រោមដី ហើយគ្មានអាហារទទួលទាននោះទេ។ បុរសរូបនេះ និយាយថា គាត់បានឃើញសាកសពជាច្រើននាក់នៅក្នុងអណ្តូងរ៉ែ។