ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (ទី២ ខែធ្នូ) បាននិយាយថា លោកនឹង «រារាំង» គម្រោងគ្រប់គ្រងក្រុមហ៊ុនដែកថែបរបស់សហរដ្ឋអាមេរិក ពីសំណាក់ក្រុមហ៊ុនរបស់ប្រទេសជប៉ុន គឺ Nippon Steel ដែលជាកិច្ចព្រមព្រៀងមានតម្លៃ ១៤,៩ពាន់លានដុល្លារ ក្នុងនោះបូករួមទាំងបំណុលផងដែរ។
នៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោក លោក Trump បានសរសេរថា៖ «ខ្ញុំជំទាស់ទាំងស្រុងមិនឲ្យក្រុមហ៊ុនបរទេសទិញក្រុមហ៊ុនដែកថែបរបស់សហរដ្ឋអាមេរិក ដែលធ្លាប់ជាក្រុមហ៊ុនដ៏អស្ចារ្យ និងមានឥទ្ធិពល ក្នុងករណីនេះ គឺក្រុមហ៊ុន Nippon Steel របស់ប្រទេសជប៉ុន»។
លោកបានបន្ថែមថា៖ «តាមរយៈការលើកទឹកចិត្តជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងពន្ធ យើងនឹងធ្វើឲ្យក្រុមហ៊ុនដែកថែបរបស់សហរដ្ឋអាមេរិករឹងមាំ និងអស្ចារ្យម្តងទៀត ហើយវានឹងកើតឡើងយ៉ាងឆាប់រហ័ស។ ក្នុងនាមជាប្រធានាធិបតី ខ្ញុំនឹងរារាំងកិច្ចព្រមព្រៀងនេះមិនឲ្យកើតមានឡើងឡើយ»។
ក្រុមហ៊ុន US Steel ដែលបានជួបបញ្ហា បានអះអាងថា ខ្លួនត្រូវការកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Nippon ដើម្បីធានាបាននូវការវិនិយោគគ្រប់គ្រាន់នៅរោងចក្ររបស់ខ្លួន ក្នុងតំបន់ Mon Valley នៅរដ្ឋ Pennsylvania ដែលក្រុមហ៊ុននិយាយថា រោងចក្រទាំងនោះអាចនឹងត្រូវបិទ ប្រសិនបើការលក់ត្រូវបានរារាំង។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃបន្ទាប់ពីការបោះឆ្នោត នៅសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ក្រុមហ៊ុន Nippon Steel បាននិយាយថា ខ្លួនរំពឹងថា នឹងបិទបញ្ចប់កិច្ចព្រមព្រៀងកាន់កាប់ក្រុមហ៊ុននេះ មុនដំណាច់ឆ្នាំនេះ ខណៈដែលប្រធានាធិបតីអាមេរិក លោក Joe Biden នៅតែកាន់តំណែង។ លោក Biden ក៏បានប្រឆាំងនឹងកិច្ចព្រមព្រៀងនេះដែរ ដោយនិយាយថា វាមានសារៈសំខាន់ ដើម្បីឲ្យ US Steel «នៅតែជាក្រុមហ៊ុនដែកថែបរបស់អាមេរិកដែលត្រូវបានគ្រប់គ្រង និងប្រតិបត្តិការក្នុងស្រុក»៕