វិមានក្រឹមឡាំងនិយាយនៅថ្ងៃអង្គារនេះថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនកញ្ចប់អាវុធមួយទៀតដល់អ៊ុយក្រែនតម្លៃ ៧២៥លានដុល្លារ បង្ហាញថា រដ្ឋបាលជិតចេញពីអំណាចរបស់លោក Joe Biden ប្តេជ្ញាចិត្តចាក់ប្រេងលើភ្លើងកំពុងឆេះ ក្នុងសង្រ្គាមនៅអ៊ុយក្រែន ដើម្បីធានាថា ជម្លោះនៅតែបន្ត ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា កញ្ចប់ជំនួយនេះ នឹងមិនផ្លាស់ប្តូរស្ថានភាពនៅខ្សែត្រៀមមុខឡើយ ។
លោក Peskov និយាយថា រដ្ឋបាលបច្ចុប្បន្នកំពុងតាមប្រម៉ាញ់គោលដៅរបស់ខ្លួន ខ្សែស្របរបស់ខ្លួន ដើម្បីការពារសង្រ្គាមនេះពីការថមថយ ។
លោកបន្តថា រដ្ឋបាលមួយនេះ កំពុងធ្វើអ្វីៗតាមដែលអាចធ្វើទៅបាន ដើម្បីបន្តចាក់ប្រេងលើភ្លើងកំពុងឆាបឆេះ ។ ក្នុងពេលតែមួយ កញ្ចប់ជំនួយទាំងអស់នេះ មិនអាចផ្លាស់ប្តូរស្ថានការបានឡើយ មិនអាចធ្វើឲ្យប៉ះពាល់ដល់កម្លាំងនៅខ្សែត្រៀមមុខនោះឡើយ ។
គួរឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា ជំនួយថ្មី នឹងរួមបញ្ចូលមីស៊ីល Stinger គ្រាប់រំសេវសម្រាប់ប្រព័ន្ធរ៉ុក្កែត HIMARS យានដ្រូន និងគ្រាប់មីន ៕