ក្រុមបាតុករគាំទ្រសហភាពអឺរ៉ុប និងកងកម្លាំងនគរបាលបានប៉ះទង្គិចគ្នានៅរដ្ឋធានី ទីប៊ីលីស៊ី (Tbilisi) របស់ប្រទេសហ្ស៊កហ្ស៊ី រយៈពេល៦យប់ជាប់គ្នាកាលពីថ្ងៃអង្គារ៣ធ្នូសប្ដាហ៍នេះ។

ក្រុមបាតុករបានប្រើកាំជ្រួច និងភ្លើងឡាស៊ែរលើកងកម្លាំងនគរបាកបង្ក្រាបកុបកម្ម ដែលបានប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកលើពួកគេ។

ក្រុមអ្នកឃ្លាំមើលសាធារណៈរបស់ហ្ស៊កហ្ស៊ីបានចោទប្រកាន់នគរបាលកាលពីថ្ងៃអង្គារសប្ដាហ៍នេះពីបទធ្វើទារុណកម្មលើមនុស្សដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលភាពរជើបរំជួល និងការប៉ះទង្គិចគ្នារយៈពេល៦ថ្ងៃតាមដងផ្លូវសំខាន់ៗប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការផ្អាកកិច្ចពិភាក្សាស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប។

សហរដ្ឋអាមេរិកធ្លាប់បានថ្កោលទោសចំពោះការប្រើកម្លាំងហួសប្រមាណប្រឆាំងក្រុមបាតុករ។ ប៉ុន្តែនាយករដ្ឋមន្ត្រីហ្ស៊កហ្ស៊ី លោក អ៊ីរ៉ាគ្លី កូបាហ្ស៊ីដហ្សេ (Irakli Kobakhidze) បានសរសើរកម្លាំងនគរបាលម្តងហើយម្តងទៀតចំពោះការឆ្លើយតបរបស់ពួកគេ ដោយនិយាយថា ពួកគេបានបង្ហាញវិជ្ជាជីវៈខ្លាំងជាងសមភាគីរបស់ពួកគេនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
ប្រទេសដែលមានប្រជាជនចំនួន៣,៧លាននាក់ត្រូវបានរុំព័ទ្ធដោយវិបត្តិចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅពេលគណបក្សក្ដីស្រមៃហ្ស៊កហ្ស៊ី(Georgian Dream) បានប្រកាសថាខ្លួនកំពុងបញ្ឈប់កិច្ចពិភាក្សាចូលជាសមាជិកសហភាពអឺរ៉ុប និងច្រានចោលការផ្តល់មូលនិធិណាមួយពីប្លុកនេះរហូតដល់ឆ្នាំ២០២៨ ៕